អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង អគារខ្ពស់ៗ ជាង១៦០០អគារ និងមានគម្រោងសង់ថ្មីជាង១០០០គម្រោង


គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង អគារខ្ពស់ៗ ជាង ១៦០០អគារ និងមានគម្រោងសង់ថ្មីជាង ១០០០គម្រោង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការលំនៅឋាន-ដីឡូតិ៍ របស់គម្រោង តាមោក ស៉ីធីលែន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឯកឧត្តមបញ្ជាក់ថា «គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និង អគារខ្ពស់ៗចំនួន ១.៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ហើយក្នុងឆ្នាំ ២០២១កន្លងទៅ យើងទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ចំនួន ១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ»

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា គម្រោង តាមោកស៊ីធីលែន លើការបណ្តាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅរាជធានីភ្នំពេញ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបន្តថា ទោះបីក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ វិបត្តិជំងឺកូវីដ-១៩ បានបង្កការគំរាមកំហែងដល់ សេដ្ឋកិច្ចសកល ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងណាក្តី ប៉ុន្ដែ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ខ្ពស់លើបញ្ហាទាំងនេះ និងបានដាក់ចេញនូវវិធានការគាំពារ សំដៅកាត់បន្ថយផលប៉ះពាល់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច រក្សាលំនឹងផលិតកម្ម-អាជីវកម្ម និងបង្កើនភាពធន់ដល់វិស័យឯកជន ហើយរាជរដ្ឋាភិបាល តែងតែចាត់ទុកថា វិស័យឯកជន គឺ ជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈការសម្រេចបាននូវអត្រាការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រទេសកម្ពុជាយើង បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់ និងលើពិភពលោក ដែលសម្រេចបានការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន ក្នុងកម្រិតខ្ពស់ជាងគេ និងកំពុងបង្កើតបានភាពសាំសហគមន៍ពិតប្រាកដ សម្រាប់ជាមូលដ្ឋានគ្រឹះ មិនអាចខ្វះបាន ដើម្បីការពារអាយុជីវិតប្រជាជនខឿនសុខុមាលភាពសាធារណៈ និងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញ លើគ្រប់វិស័យ។

ឯកឧត្តមអភិបាលរាជធានីបន្តទៀតថា ទន្ទឹមគ្នានឹងវឌ្ឍនភាព ក៏ដូចជានិន្នាការជាវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មាន ថានឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្ត របស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារៈ សំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម និងខុនដូទំនើបៗ។

ឯកឧត្តមបានបន្តទៀតថា គម្រោងលំនៅឋាន-ដីឡូតិ៍តាមោក ស៊ីធីលែន នឹងរួមចំណែកធ្វើឱ្យភាគខាងលិចឆៀងខាងជើងរាជធានីភ្នំពេញ កាន់តែមានសក្តានុពលប្រកួតប្រជែង ក្នុងវិស័យអចលនទ្រព្យ លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងចូលរួមបំពេញ តម្រូវការទីផ្សារលំនៅឋាន ជូនប្រជាពលរដ្ឋ កាន់តែមានជម្រើសសម្បូរបែប ស្របពេលដែលតម្រោងអភិវឌ្ឍន៍ ទាំងផ្នែករដ្ឋ និងទាំងផ្នែកឯកជនជាច្រើន កំពុងតម្រង់ឆ្ពោះមករកតំបន់នេះ។

ឯកឧត្តមបន្ថែមថា «គម្រោងលំនៅឋាន-ដីឡូតិ៍តាមោកស៊ីធីលែន ដែលបានបើកដំណើរការ នាពេលនេះ គឺជាមនុញ្ញផលនៃសន្តិភាព «តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវរូបរួមគ្នា ដើម្បីការពារសន្តិភាព ព្រោះថា «សន្តិភាព» មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយដរាបណាយើងមានសន្តិភាព នោះទើបជាតិមាតុភូមិយើងមានការអភិវឌ្ឍរីកចម្រើន ទៅមុខបន្ថែមទៀត»

ឯកឧត្តមអភិបាលរាជធានី ក៏បានអំពាវនាវបុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបន្តអនុវត្តនូវវិធានសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងត្រូវរួសរាន់ ទៅចាក់ វ៉ាក់សាំង ឬនាំយកបុត្រធីតា ទៅទទួលបានគ្រប់គ្នា ព្រោះថាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង និងប្រភេទផ្សេងៗទៀត យ៉ាងមានប្រសិទ្ធភាព។

លោកស្រីឧកញ៉ា អ៊ាន អេឡែន នាយិកាគម្រោងពាមោកស៊ីធីលែន បានបញ្ជាក់ថា លំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន មានផ្ទៃដីចំនួន៤៤ហិកតា ជាប់ផ្លូវ៦០ម៉ែត្រ និងមហាវិថី ឈ្នះ ឈ្នះ មានចំងាយពីស្ពានព្រែកព្នៅ ៤គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕