នាយឧត្តមសេនីយ៍ ប៉ែន វិបុល ផ្តល់ម៉ូតូចំនួន៨គ្រឿង ជូនដល់សិស្សដែលប្រឡងជាប់និទ្ទេស A នៅឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង


នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដា្ឋនបុគ្គលិក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដា្ឋនឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវង បានអញ្ជើញ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្រគល់រង្វាន់ម៉ូតូចំនួន៨គ្រឿង ដល់សិស្សជ័យលាភីនិទ្ទេស A នៅវិទ្យាល័យព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានថ្លែងអំណរអរគុណប្អូនៗ សិស្សានុសិស្ស ដែលបានខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្ររហូតដល់ទទួលបាននៅនិទេសល្អនាពេលនេះ និងសូមថ្លែងអំណរអរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្រៀនដល់សិស្សានុសិស្សគ្រប់ជំនាន់ទាំងអស់ រហូតទទួលនូវនិទេ្ទសល្អៗគ្រប់គ្នានាពេលនេះ។

លោកបានបន្តថា ចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ និងជាផ្នែកមួយដែលជួយឲ្យយើង ប្រែក្លាយជាមនុស្សអវិជ្ជា ជាមនុស្សមានចំណេះដឹងអភិវឌ្ឍខ្លួន និងក្រុមគ្រួសារព្រមទាំងសង្គមជាតិ នឹងក្លាយខ្លួនទៅជាគំរូល្អដល់ប្អូនៗជំនាន់ក្រោយឲ្យគាត់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនដូចជារៀមច្បងនាពេលនេះ។

នាយឧត្តមសេនីយ៍ ក៏ផ្តាំផ្ញើដល់ប្អូនៗ ដែលជាយុវជន និងជាទំពាំងស្នងឬស្សីនេះ ទោះបីជាយើងបាននិទ្ទេសល្អនៅពេលនេះក៏ពិតមែនក៏ប៉ុន្តែយើងមិនត្រូវបោះបង់ការសិក្សារៀនសូត្រនោះទេ ត្រូវបន្តការខិតខំប្រឹងប្រែងសិក្សា រៀនសូត្រនេះ ជាបន្តទៀតនៅសាកលវិទ្យាល័យ ដើម្បីជួយ ដល់សង្គមជាតិ និងក្រុមគ្រួសារយើងមានការរីកចម្រើនទៅមុខជានិច្ច និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀណ។

នាយឧត្តមសេនីយ៍ ក៏សូមផ្ដាំផ្ញើដល់ ប្អូនៗសិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបាន នៅវិធានការរបស់ក្រសួងសុខាភិបាលនៅវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាដើម្បីបង្កើតទប់ស្កាត់ការ រីករាលដាលឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។

នៅឱកាសនោះប្អូនៗជាបេក្ខជនដែលប្រឡងជាប់និទ្ទេសល្អសញ្ញាបត្រយុតិយភូមិ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាពន់ពេកដែលទទួលបានម៉ូតូម្នាក់មួយគ្រឿងនាពេលនេះ ហើយប្អូនៗក៏បានផ្ដាំផ្ញើដល់ ប្អូនៗដែលជាសិស្សជំនាន់ក្រោយត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យពូកែដើម្បីទទូលបានលទ្ធផលល្អដូចពួកខ្លួននេះផងដែរ។

នាយឧត្តមសេនីយ៍ ក៏បានផ្តល់ជូនថវិកាដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានអញ្ជើញចូលរួមនៅនាឱកាសនោះក្នុងម្នាក់ៗចំនួន ១០ ម៉ឺនរៀល ដោយឡែក ស្ត្រី ឯកឧត្តមផ្ដល់ជូនសម្រាប់លើកកម្ពស់ សិទ្ធិនារី ៨ មីនា ផងដែនោះ ក្នុងម្នាក់ម្នាក់ ចំនួន ១៥ ម៉ឺនរៀលផងដែរ។

បើតាមលោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ បានលើកឡើងថា៖ ចាប់ពីមានកំណែទម្រង់ដ៏ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជន និងកីឡាមក ជាពិសេសទាក់ទងនិងការធ្វើកំណែទម្រង់ លើការប្រឡងគ្រប់ប្រភេទ លទ្ធផលនៃការប្រឡងរបស់សិស្សនៅវិទ្យាល័យព្រៃព្នៅ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ជាក់ស្ដែងចាប់ពីឆ្នាំ ២០១៨ មក ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានលទ្ធផលល្អច្រើនដោយក្នុងឆ្នាំ២០១៨ សិស្សចំនួន១១៤នាក់បានប្រឡងជាប់១០០%និងបាននិទ្ទេស A ២នាក់។

*ឆ្នាំ ២០១៩ សិស្ស ១៤៨នាក់ បានប្រឡងជាប់១៤៦នាក់ ត្រូវជា ៩៩% និងទទួលបាននិទ្ទេស A ៥នាក់។
*ឆ្នាំ ២០២០សិស្ស ១៦៤នាក់បានប្រឡងជាប់១០០%។
*ឆ្នាំ២០២១នេះ ស្របពេលដែល ការអប់រំនៅប្រទេសកម្ពុជាកំពុងជាប់ដៃប្រយុទ្ធនិងជម្ងឺកូវិដ១៩ផង ការសិក្សារៀនសូត្ររបស់សិស្សនៅវិទ្យាល័យព្រៃព្នៅនៅតែទទួលបានបានលទ្ធផលល្អប្រសើរ។

ជាក់ស្តែងដូចជានៅពេល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១កន្លងទៅនេះ សិស្សបានដាក់ពាក្យចំនួន ១៧២នាក់ ស្រីចំនួន១០១នាក់ បានប្រឡងជាប់ចំនួន១៦៦នាក់ ស្រី ចំនួន៩៩នាក់ដោយទទួលបាននិទ្ទេសដូចខាង ក្រោម៖

*និទ្ទេស A=ចំនួន៨នាក់ ស្រីចំនួន ៦នាក់
*និទ្ទេសB=ចំនួន ៣៧នាក់ ស្រី ចំនួន ២៦នាក់
*និទ្ទេសC=ចំនួន ៤២នាក់ ស្រីចំនួន ២៦នាក់
*និទ្ទេសD=ចំនួន ៤៥នាក់ស្រី ចំនួន ២៥នាក់
*និទ្ទេសE=ចំនួន ៣៤នាក់ ស្រី ចំនួន ១៦នាក់
*និទ្ទេសF=ចំនួន ៦នាក់ ស្រីចំនួន២នាក់ ទាំងនេះជាអត្រានសិស្សប្រឡងជាប់ បានច្រើនជាងគេក្នុងខេត្តព្រៃវែងនិងទទួលបានចំណាត់លេខ១ទូទាំងខេត្តព្រៃវែងផងដែរ៕