ទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Golden West Humanitarian Foundation ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា


នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Golden West Humanitarian Foundation ដឹកនាំដោយលោក Shathel Fahs ទីប្រឹក្សាបច្ចេកទេស ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ Golden West Humanitarian Foundation ក្នុងការផ្តល់ភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចាប់តាំងពីឆ្នាំ១៩៩៨ ក្នុងនោះបានចូលរួមដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបច្ចេកទេសបន្សាបគ្រឿងផ្ទុះ ហើយលោកព្រមទាំងបានស្នើសុំឲ្យ Golden West Humanitarian Foundation បង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមដោយផ្តោតសំខាន់លើវិស័យសកម្មភាពមីនទាំងមូល ដូចជា ការនាំមកនូវបច្ចេកវិទ្យាទំនើប ការចូលរួមបណ្តុះបណ្តាលតាមសហគមន៍ងាយរងគ្រោះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចតាមមូលដ្ឋាន តាមរយៈការបញ្រ្ជាបចូលក្នុងកម្មវិធីអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមសហគមន៍ ជាដើម។

លោកទេសរដ្ឋមន្រ្តី បានបន្តលើកឡើងទៀតថា Golden West Humanitarian Foundation និង Platinum East គ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការបន្តពង្រឹងភាពភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមីន ក្នុងនាមអាជ្ញាធរមីនជាស្ថាប័នសាធារណៈរបស់រដ្ឋ និងជាសេនាធិការឲ្យរាជរដ្ឋាភិបាល ហើយបានបង្ហាញពីបំណងជួយដល់កម្ពុជាឲ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេក្នុងការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យសកម្មភាពមីននៅថ្នាក់តំបន់ និងពិភពលោកផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរមីន បានស្វាគមន៍ចំពោះការចូលរួមក្នុងការចុះអនុស្សារណៈនៃការយោគយល់រួមគ្នា រវាង អាជ្ញាធរមីន និង Golden West Humanitarian Foundation ជាមួយស្ថាប័នដទៃទៀតទាំងក្នុង និងក្រៅប្រទេស ក្នុងគោលដៅជួយដល់កម្ពុជា។

ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ Golden West Humanitarian Foundation ជួយបណ្តុះបណ្តាលដល់ក្រុមជំនាញ(QM Team) របស់អាជ្ញាធរមីន សម្រាប់កិច្ចប្រតិបត្តិការត្រួតពិនិត្យគុណភាពនៅទីវាល៕