អភិបាលខេត្តត្បូងឃ្មុំ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទDBST ២ខ្សែ តភ្ជាប់ភូមិចំនួន០៥ ដើម្បីបន្តជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទំនិញកសិផលពលរដ្ឋ


នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន០២ខ្សែ ប្រវែងប្រមាណ ៧៥០០ម៉ែត្រ ស្ថិតនៅភូមិប្រស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រុងសួងទាំងអស់ដោយក្តីនឹករឭកបំផុត។
ឯកឧត្តមបណ្ឌិត បន្តថា ការស្ថាបនាផ្លូវ២ខ្សែថ្មី ក្រាលកៅស៊ូ DBST ដែលមានប្រវែង ៧.៤៨៧ ម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ឆ្លងកាត់ភូមិចំនួន០៥ រួមមានភូមិប្រស្រែក្រោម ភូមិវាលចារ ភូមិក្រឆាន ភូមិប្រស្រែលើ និងភូមិកៀនរូង ក្នុងសង្កាត់វិហារលួង គឺអាជ្ញាធរខេត្តមានគោលបំណងចង់ឲ្យប្រជាពលរដ្ឋក្នុងក្រុងសួង មានឱកាសលើកកម្ពស់ជីវភាព រស់នៅមានភាពស៊ីវិល័យដូចៗគ្នា ដូច្នេះអទិភាពក្នុងការអភិវឌ្ឍដំបូងគឺការស្ថាបនាផ្លូវនេះមុនគេ។
ផ្លូវ០២ខ្សែនេះ ពិតជានឹងចូលរួមជួយបង្កើននូវចរន្ដសសៃឈាមសេដ្ឋកិច្ច ជួយសម្រួលជីវភាពពលរដ្ឋ តាមរយៈកាន់តែងាយស្រួលធ្វើដំណើរទៅមក ប្រកបមុខរបរ ដឹកកសិផល ទំនិញនានា ចំណេញពេលវេលា កាត់បន្ថយចំណាយធ្វើដំណើរ ពិសេសលើកកម្ពស់សោភ័ណ្ឌភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅទីប្រជុំជន នៃក្រុងសួង។
ម្យ៉ាងទៀត អាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងអភិវឌ្ឍបន្តពីថ្នាក់ដឹកនាំមុនៗ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ក៏ដូចជាខេត្តត្បូងឃ្មុំ និងអាចឈានទៅដណ្ដើមជ័យលាភីរំដួល៣ទងនៃទីក្រុងស្អាត នាពេលខាងមុខ ដែលនឹងត្រូវវាយតម្លៃដាក់ពិន្ទុដោយក្រសួងទេសចរណ៍ផងដែរ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានបញ្ជាក់ថា ផ្លូវទាំង០២ខ្សែនេះ ការស្ថាបនាមានទុកចំណីផ្លូវ រៀបចំប្រពន្ធលូ ទៅតាមគំនូសប្លង់របស់មន្ទីរដែនដី នគររូបនីយកម្ម ដោយឯកឧត្តមបណ្ឌិត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ចូលរួមសហការជាមួយនឹងអាជ្ញាធរ និង ក្រុមការងារសាងសង់ផ្លូវ ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់ នឹងមានសោភ័ណភាព នៅក្នុងមូលដ្ឋានក៏ដូចជាក្នុងក្រុងសួង របស់យើង៕