រដ្ឋបាលព្រៃឈើភ្នំពេញ ចុះដាក់ផ្លាកសម្គាល់ប្រភេទឈើកម្រប្រមាណ១០០០ដើម នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ


(ភ្នំពេញ)៖ មន្ត្រីជំនាញនៃរដ្ឋបាលព្រៃឈើភ្នំពេញ បានចុះដាក់ផ្លាកសម្គាល់លើដើមឈើនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងគោលបំណងឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងកូនចៅជំនាន់ក្រោយបានស្គាល់ពីប្រភេទឈើប្រណិតៗ ផងដែរ។

លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ពេលដឹកនាំមន្ត្រីក្រោមឱវាទខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ចុះធ្វើកិច្ចការនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការចុះដាក់ផ្លាកសំគាល់ដើមឈើ ដោយមានសរសេរអក្សរជាខ្មែរ និងអក្សរឡាតាំងផង ក្នុងគោលបំណងដើម្បីភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់ពីប្រភេទឈើប្រណីតៗ នៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឯកឧត្តមបានណែនាំឱ្យមន្ត្រីរដ្ឋបាលព្រៃឈើពិនិត្យមើល និងថែរក្សាដើមឈើ មិនថាតែរមណីដ្ឋានវត្តភ្នំនោះទេ គឺដើមឈើទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះលោក គាំ សីហា បានបញ្ជាក់ថា ដើមឈើជួយទ្រទង់បរិស្ថាន និងជួយរក្សាជម្រកពណ៌បៃតង ក្នុងបរិវេណវត្តភ្នំ ក៏ដូចជានៅទីក្រុងភ្នំពញ។

លោកបានបន្តថា អភិបាលរាជធានីភ្នំពេញ តែងតែបានណែនាំឱ្យរដ្ឋបាលព្រៃឈើ មើលថែទាំដើមឈើទាំងអស់គ្នា និងត្រូវស្រឡាញ់ និងថែទាំដើមឈើ ឱ្យដូចយើងស្រឡាញ់ និងថែទាំកូនចៅរបស់យើងដែរ ព្រោះដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសវាជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកថែមទៀត។

គួរបញ្ជាក់ថា ការដាក់ស្លាកសម្គាល់នៅតាមដើមឈើនៅព្រឹកនេះ មានប្រមាណ១០០ផ្លាក ក្នុងចំណោមដើមឈើជាង១០០០ដើម នៅក្នុងទីតាំងរមណីដ្ឋានដែលមានជាប្រភេទផ្សេងៗ ជាង៥០ប្រភេទ សុទ្ធតែជាឈើប្រភេទកម្រ នៅក្នុងស្រុកដូចជាបេង ធ្នង់ គគីរ ឈើទាល នាងនួន និងប្រភេទឈើភ្នំជាច្រើនមុខទៀត។

បន្ថែមពីនេះលោក គាំ សីហា ក៏អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួន ដើម្បីជាផលប្រយោជន៍សំរាប់បរិស្ថានស្អាតទាំងអស់គ្នា ព្រមទាំងសំរាប់កូនចៅជំនាន់ក្រោយ បានស្គាល់ពីប្រភេទឈើកម្រ ជាពិសេសដើមឈើអាចជួយបង្កើតអុកស៊ីសែនក្នុងបរិយាកាស និងស្រូបយកឧស្ម័នកាបូនិច ដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃផងដែរ៕