នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលស្វាគមន៍ដំណើរបំពេញទស្សនកិច្ចប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម


នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តិនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន តាងនាមអ្នកដឹកនាំអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូ និងបានវាយតម្លៃខ្ពស់ដំណើរទស្សនកិច្ចនាឱកាសនេះ បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលេចនូវកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនាពេលកន្លងមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល កងទ័ព ប្រជាជនវៀតណាម ដែលជានិច្ចកាលតែងតែផ្ដល់ការគាំទ្រនិងជួយឧបត្ថម្ភយ៉ាងច្រើនដល់កម្ពុជា។

អគ្គមេបញ្ជាការបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការជាផ្លែផ្ការវាងប្រទេស និងកងទ័ពត្រូវបានពង្រឹងពង្រីកជាលំដាប់ ហើយក្នុងរយៈពេលកន្លងមកនេះ ប្រទេសទាំងពីរបានសហការលើកិច្ចការជាច្រើន ដូចជា:ការផ្លាស់ប្ដូរគណៈប្រតិភូ កិច្ចសហការក្នុងការបោះបង្គោលព្រំដែន ការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការល្បាតរួមគ្នាលើដីគោកនិងដែនសមុទ្រ ការធ្វើលំហាត់ជួយសង្គ្រោះមហន្តរាយតាមព្រំដែន ការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងការចងសម្ព័ន្ធមេត្រីភាពជាដើម។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវការរួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹងបន្តពង្រឹងពង្រីកប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។

ជាមួយនឹងដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៍បានស្នើដល់កងទ័ពប្រជាជនវៀតណាម បន្តជួយបណ្ដុះបណ្ដាល ធន ធាន មនុស្សក្នុងកង យោធពលខេមរភូមិន្ទ ព្រមទាំងជួយកសាងមូលដ្ឋាននានាមួយចំនួនផងដែរ។

ក្នុងកិច្ចឆ្លើយតប ឧត្តមសេនីយ៍ឯក ង្វៀន តិនគឿង បានសម្តែងការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមអគ្គមេបញ្ជាការ ហើយថានគីជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម បន្ទាប់ពីបានការតែងតាំងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។

ឧត្តមសេនីយ៍ឯក ង្វៀន តិនគឿង បានគូសបញ្ជាក់ថាដោយសារឆ្នាំ២០២២នេះគឺជាខួបលើកទី៥៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងក៏ជាខួបលើកទី៤៥ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំបានស្នើឱ្យកងទ័ពប្រទេសទាំងពីរត្រូវបន្តរួមការគ្នាឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយនោះ ឯកឧត្តម ក៏បានលើកឡើងពីការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមបណ្តោយព្រំដែន និងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហានដែលជាប្រការសំខាន់ ហើយដែលកងទ័ពប្រទេសទាំងពីរ ត្រូវតែផ្ដល់កិច្ចសហការគ្នា ដូចដែលធ្លាប់បានធ្វើកន្លងមក ទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ៕