គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី៦ លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្


គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី៦ លើសេចក្តីព្រាងច្បាប់ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា»

កិច្ចពិគ្រោះយោបល់លើកទី៦នេះ ធ្វើឡើងជាមួយក្រុមតំណាងជនមានពិការភាពប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Claudia Dela Fuente (ក្លូឌៀ ដឺឡា ហ្វុងតេ) តំណាង OHCHR នៅ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

នាឱកាសនោះដែរឯកឧត្តម កែវ រ៉េមី បានថ្លែងថា ដោយមានការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើវិស័យសិទ្ធិមនុស្ស ទើបអនុញ្ញាតឱ្យ គ.ស.ម.ក. ធ្វើសេចក្តីព្រាងច្បាប់នេះឡើង។

ឯកឧត្តមក៏បានស្នើសុំឱ្យសិក្ខាកាមទាំងអស់ចូលរួមបញ្ចេញមតិយោបល់ ដែលជាធាតុចូលសំខាន់ៗ ដើម្បីក្រុមការងារអាចរួមបញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់នេះ។ សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណង ប្រមូលធាតុចូលពីតំណាងបងប្អូន ជនមានពិការភាពនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវតម្លាភាពនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមបានបន្តថា ការពិគ្រោះយោបល់ជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ ពេលដាក់ចេញទៅឱ្យមានតម្លាភាព និងទទួលយកពីគ្រប់ស្ថាប័ន។ នៅពេលកម្ពុជាបង្កើនស្ថាប័នសិទ្ធិមនុស្សជាតិនេះហើយ មិនមែនត្រូវជិះសេះលែងដៃនោះទេ គឺមានការវាយតម្លៃពីអង្គការសមាគម នៃស្ថាប័នសិទ្ធិមនុស្សជាតិនេះទៀត ហើយបើគេវាយតម្លៃឃើញល្អនឹងឈរលើគោលការណ៍ទីក្រុងប៉ារីស សំដៅទៅលើពហុនិយម។

ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា នេះលើកទី៦ ដែល CHRC បានជួបពិគ្រោះយោបល់ជាមួយដោយមានពិគ្រោះយោបល់ទាំងថ្នាក់តំបន់ និងស្ថាប័នជាច្រើនទៀត ហើយនឹងមានការចុះទៅដល់មូលដ្ឋានជួបជាមួយពលរដ្ឋតាមបណ្ដាខេត្ត រួមទាំងជួបគណបក្សនយោបាយដែលមិនមានអាសនៈនៅក្នុងរដ្ឋសភា ក្នុងការទទួលយកនូវទស្សនៈ មតិយោបល់ និងធាតុចូលផ្សេងៗដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែល្អប្រសើរ។

លោកស្រី Claudia Dela Fuente (ក្លូឌៀ ដឺឡា ហ្វុងតេ) បានលើកឡើងថា ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកស្រីគាំទ្រ និងបន្តសហការជាមួយ គ.ស.ម.ក. ក្នុងការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

លោក ជេត ជាលី បានថ្លែងថា ការរៀបចំនូវសេចក្ដីព្រាងច្បាប់នេះសំដៅបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នជាតិ ឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។

សេចក្តីព្រាងច្បាប់នេះ បានរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការសហការផ្ដល់ជាបច្ចេកទេសពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Forum-APF) ដែលមានទីតាំងនៅប្រទេសអូស្ត្រាលី។ ច្បាប់នេះមាន៨ ជំពូក និង៣២ មាត្រា បង្កើតឡើងដើម្បីធានាការលើកតម្លៃសិទ្ធិមនុស្ស ដូចដែលអង្គការសហប្រជាជាតិបានកំណត់ និងស្របតាមគោលការណ៍ទីក្រុងប៉ារីស។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបចំរួចរាល់កាលពីខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានប្រកាសបើកឱ្យមានការផ្ដល់នូវធាតុចូលពីសាធារណជនទូទៅតាមរយៈហ្វេសហ៊ុកផេក https://www.facebook.com/chrc.gov.kh/ និង Telegram Channelមានឈ្មោះថា https://t.me/comment_on_NHRC_Law តាំងពីខែកក្កដា ឆ្នាំ២០២១ រហូតមក។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំធ្វើកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ហើយនេះគឺជាកិច្ចពិគ្រោះយោបល់លើកទី២ បន្ទាប់ពីការពិគ្រោះយោបល់លើកទី១បានរៀបចំធ្វើឡើងជាមួយអង្គការសង្គមស៊ីវិល។

អង្គសិក្ខាសាលា បានពិភាក្សាផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មផុសផុលចំពោះមាត្រា និងជំពូកនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងស្និទ្ធស្នាល៕ Facebook (https://www.facebook.com/chrc.gov.kh/)