រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រសួងធម្មការ និងសាសនា


ព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រសួងធម្មការ និងសាសនា ដែលមានការនិមន្ត-អញ្ជើញចូលរួមពីសំណាក សម្តេច ព្រះរាជតំណាងសម្តេចព្រះស្ឃងនាយកទាំងពីរគណៈ ព្រះមន្រ្តីសង្ឃគណរាជធានី ខេត្ត ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រះសាកលវិទ្យាធិការ អគ្គនាយករង សាកលវិទ្យាធិការរង ថ្នាក់ដឹកនាំ ឥស្លាមសាសនា គ្រឹស្ទសាសនា សាសនាមហាយាន សាសនាផ្សេងៗ ប្រធាននាយកដ្ឋាន ព្រះប្រធានផ្នែក ប្រធានផ្នែក ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួង។
បន្ទាប់ពី ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រសួងធម្មការ និងសាសនា រួចមក។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ដល់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ លោក លោកស្រី ជាប្រធានអង្គភាពជំនាញ និងមន្រ្តីរាជការក្រោមឱវាទក្រសួងទាំងអស់ ដើម្បីជាចក្ខុវិស័យក្នុងការអនុវត្តការងារបន្តឱ្យមានប្រសិទ្ធភាព ដូចខាងក្រោម៖
១-ពង្រឹង និងពង្រីកការគោរពប្រតិបត្តិសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ជាពិសេសបន្ត និងពង្រឹងពុទ្ធិកសិក្សានៅគ្រប់កម្រិត ការបោះពុម្ពផ្សាយគម្ពីរដីកា ក្បួនច្បាប់នានា និងកិច្ចប្រតិបត្តិធម្មវិន័យ គាំទ្រសកម្មភាព នៃសាសនាផ្សេងៗទៀតក្នុងសង្គម ដើម្បីរក្សាឱ្យបាននូវសុខដុមនីយកម្ម សាសនា។
២-ត្រូវសហការជាមួយគណៈសង្ឃនាយកទំាងពីរគណៈ បន្តការផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទំាងប្រទេសលើកទី២៩។
៣-ផ្តល់សិទ្ធិជូនមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ឱ្យសហការជាមួយព្រះមេគណរាជធានី-ខេត្ត ព្រះគ្រូអនុគណក្រុង-ស្រុក-ខណ្ឌ ព្រះចៅអធិការ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយ នូវរាល់អធិករណ៍ ដែលកើតមានទ្បើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
៤-ត្រូវចុះបញ្ជីកម្មសិទ្ធិកាន់កាប់ដីធ្លី និងមានប្លង់មេមុនកសាងវត្ត។
៥-ត្រូវបន្តបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ
និងដំណើការ កម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» និងជំរុញកម្មវិធីនេះធ្វើនៅតាមរាជធានី-ខេត្ត។