ឯកឧត្តម ស សុខា បញ្ជាក់ពីលទ្ធផលសំខាន់ៗចំនួន៤ ដែល ក.យ.គ សម្រេចបានក្នុងឆ្នាំ២០២១ ដោយឈរលើការទទួលខុសត្រូវខ្ពស់ និងមិនយកវិបត្តិជំងឺកូវីដធ្វើជាឧបសគ្គឡើយ


ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗយចំនួន៤ ដែល (ក.យ.គ) សម្រេចបានក្នុងឆ្នាំ២០២១ ដោយឈរលើការទទួលខុសត្រូវខ្ពស់ និងមិនយកវិបត្តិជំងឺកូវីដ១៩ ធ្វើជាឧបសគ្គឡើយ។

ការគូសបញ្ជាក់បែបនេះ របស់ឯកឧត្តម ស សុខា បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា លទ្ធផលសំខាន់ៗដែល ក.យ.គ. សម្រេចបាននោះរួមមាន៖

ទី១៖ ក្រុមប្រឹក្សាបានបង្កើតនូវកិច្ចសហការល្អ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអាណាព្យាបាលនៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ព្រមទាំងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រុមប្រឹក្សា សាកលវិទ្យាធិការនៃកម្ពុជា និងសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ទី២៖ ក្រុមប្រឹក្សាបានសហការល្អ និងទទួលបានការគាំទ្រយ៉ាងសកម្ម ពីគណៈគ្រប់គ្រងគ្រឹះស្ថានសិក រដ្ឋនិងឯកជន ព្រមទាំងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យទាំងអស់ផងដែរ ក្នុងភារកិច្ចស្នូលនិងការធ្វើសកម្មភាពនានា ទាក់ទងទៅនឹងយុវជនជានិស្សិត និងគ្រឹះស្ថានសិក្សានីមួយៗ។

ទី៣៖ តាមសំណើរបស់ក្រុមប្រឹក្សា ស.ស.យ.ក. បានសម្រេច និងប្រកាសទទួលស្គាល់ជាផ្លូវការនូវ សមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ចំនួន១១៤ ស្មើនឹង៩៦% នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ទូទាំងប្រទេស ដែលមានធនធានមនុស្សជាកម្លាំងប្រតិបត្តិករសរុបជាង ២ពាន់នាក់ ដោយបានអនុវត្តលើសផែនការកំណត់នៅឆ្នាំ២០២១ ដែលគ្រោងបង្កើតក្រុមការងារយុវជននៅតាម គ្រឹះស្ថានឧត្តមសិក្សា តែ៥០ប៉ុណ្ណោះ។

និងទី៤៖ ផ្អែកតាមការណែនាំតម្រង់ទិសរបស់ក្រុមប្រឹក្សា ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថាន ឧត្តមសិក្សានីមួយៗ ក៏បានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្តើរៗ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបដល់យុវជនជានិស្សិត និងគរុសិស្សឱ្យបានយល់ដឹងអំពីគោលបំណង បេសកកម្ម និងអត្ថប្រយោជន៍ក្នុងការចូលរួមធ្វើសកម្មភាព និងចូលជាសមាជិក ស.ស.យ.ក.។

បន្ថែមពីនេះ លោកឱ្យដឹងថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក៏បានរិះរកគ្រប់មធ្យោបាយក្នុងការបំពេញបេសកកម្មរបស់ខ្លួនឱ្យសម្រេចបានជោគជ័យ ដូចជាការប្រជុំ និងដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញ ការបង្កើតឱ្យមានរចនាសម្ព័ន្ធមួយច្បាស់លាស់ ការបង្កើតឱ្យមានបទប្បញ្ញត្តិ និងឯកសារផ្លូវការនានាជាមូលដ្ឋាន នៃការដឹកនាំគ្រប់គ្រង, ការប្រមូលផ្តុំនូវធនធានមនុស្ស ដែលមានគុណវុឦ សមត្ថភាព និងបទពិសោធល្អៗ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះ ក្រុមប្រឹក្សាបានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដែលមានលក្ខណៈ ជាក់លាក់ អាចអនុវត្តបាន ស្របទៅតាមធនធានដែលមាន សម្រាប់ជាត្រីវិស័យតម្រង់ទិសការងាររបស់ខ្លួន។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រព្រឹត្តទៅពេញមួយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ដោយពិធីបិទសន្និបាតនឹងប្រារព្ធឡើងនៅពេលរសៀលក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)៕