វ៉ាក់សាំងជំនួយរបស់ចិន ៥លានដូស នឹងចាប់ផ្តើមដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃស្អែក និងថ្ងៃខានស្អែក


(ភ្នំពេញ)៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់មានប្រសាសន៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ៥លានដូសបន្ថែមទៀត ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន នឹងចាប់ផ្តើមដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩-៣០ ខែមីនា ឆ្នាំ២០២២ ដែលសរុបមានចំនួន៣ជើង។

លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា លោកស្រី និងតំណាងស្ថានទូតចិន នឹងអញ្ជើញទៅទទួលវ៉ាក់សាំងនេះនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងដែរថា វ៉ាក់សាំងចំនួន ៥លានដូសនេះ គឺជាចំនួនវ៉ាក់សាំងក្នុងចំណោយមវ៉ាក់សាំង ២០លានដូស ដែលជំទាវ ស៊ី ជិនពីង បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិន បានផ្តល់ជំនួយជាបន្តបន្ទាប់ផងដែរ។ បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨,៧២៤,៨០០ដូស។ ក្នុងនោះ ២០លានដូស ជាជំនួយថ្មី។

មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង បានរហូតដល់ជាង ៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយកម្ពុជា បានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន៕