សម្ពោធអគារវេជ្ជសាស្ត្រចំនួន៥ មានតម្លៃជាង ១៥លានដុល្លារ


Inaugu 01 03 16 2 copy

     អគារ​វេជ្ជ​សាស្ត្រ​ថ្មី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ​ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​​កុម្ភៈ​នេះ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពី ​សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​ ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន ឯក​ឧត្តម​ កូម៉ាម៉ារុ យូជិ តំណាង​ម្ចាស់​ជំនួយ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​នេះ​ផង​ដែរ​ ។ អគារ​វេជ្ជ​សាស្ត្រ​ថ្មី​ទាំង​៥ នេះ​ ​សាង​សង់​ក្នុង​តម្លៃ​ទឹក​ប្រាក់​ ១៥​លាន ​៤​សែន ​៥​ម៉ឺន​ដុល្លារ​អាម៉េរិក ​។

     រដ្ឋ​មន្ត្រី​សុខា​ភិបាល​ ឯកឧត្តម​ ម៉ម ​ប៊ុន​ហេង បាន​មាន​ប្រសាសន៍​ថា​ អគារ​ថ្មី​ចំនួន​៥​ ដែល​បាន​សាង​សង់​ក្នុង​រយៈ​ ១៦​ខែ រួម​មានៈ

     ​១​- ​អគារ​សង្គ្រោះ​បន្ទាន់​រូប​ភាព​វេជ្ជ​សាស្ត្រ​និង​បន្ទប់​វះ​កាត់​

     ២​- ​អគារ​សម្ពព​រោគ​ស្ត្រី​និង​ជម្ងឺ​កុមារ​

     ៣- ​អគារ​ជម្ងឺ​ទូទៅ​និង​ជម្ងឺ​វះ​កាត់​

     ៤​- ​អគារ​រដ្ឋបាល​

     ៥- ​អគារ​ផ្នែក​ផ្តល់​សេវា​គាំទ្រ​ ក្នុង​នោះ មាន​បន្ទប់​ផ្គត់​ផ្គង់​ចរន្ត​អគ្គីសនី​… ម៉ាស៊ីន​ភ្លើង​… អាង​ស្តុក​ទឹក​ស្អាត​… បាសាំង​ទឹក​… អាង​ចម្រោះ​ទឹក​កខ្វក់​និង​ប្រព័ន្ធ​ពន្លត់​អគ្គីភ័យ​ សម្រាប់​​ផ្គត់​ផ្គង់​ក្នុង​សំណង់​ថ្មី ​ដែល​បង្កើត​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ព្រះ​សីហនុ​ នេះ​ផង​ដែរ រួម​មាន​សម្ភារៈ​បរិក្ខា​ពេទ្យ​ចំនួន​ ៩១​មុខ​… និង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ទាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ និង​កម្ពុជា​ផង​ដែរ​ ។

     សម្តេច​តេជោ​សែន នាយក​រដ្ឋ​មន្ត្រី មាន​​ប្រសាសន៍​​ក្នុង​ពិធី​សម្ពោធ​មន្ទីរ​ពេទ្យ ​ថា​ពិត​ជា​មាន​គ្រូ​ពេទ្យ​ដែល​ខិល​ខូច​តិច​តួច​ ដែល​ធ្វើ​ឱ្យ​​ប្រជា​ជន​ក្តៅ​ក្រហាយ​ ដោយ​សារ​តែ​ការ​គិត​ពី​រឿង​លុយ​ធំ​ជាង​បញ្ហា​សុខ​ភាព​នោះ​មែន​… ប៉ុន្តែ​ ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​បំរើ​ប្រជា​ជន​បាន​ល្អ មាន​ច្រើន​ណាស់​ ។

     ខេត្ត​ព្រះ​សីហនុ បច្ចុប្បន្ន​មាន​មន្ទីរ​ពេទ្យ​ខេត្ត​១​… មណ្ឌល​សុខ​ភាព​ចំនួន​៣​ និង​ប៉ុស្តិ៍​ភាព​ចំនួន​៣ ​ផង​ដែរ ​។ ខេត្ត​មាន​មន្ត្រី បុគ្គលិក​សុខា​ភិបាល​សរុប​ ៣៤៦​នាក់ ក្នុង​នោះ​មាន​វេជ្ជ​បណ្ឌិត​ឯក​ទេស ​១​នាក់​… វេជ្ជ​បណ្ឌិត​៤១​នាក់​… គ្រូ​ពេទ្យ​មធ្យម​ ៨​នាក់​… ឱសថ​ការី​ ១២​នាក់​… ឱសថ​ការី​មធ្យម ​១​នាក់​… ទន្ត​បណ្ឌិត ​៤​នាក់​… អ្នក​ព្យាបាល​ដោយ​ចលនា​ ១​នាក់​… គិលានុ​បដ្ឋាក​មធ្យម​ ១២៦​នាក់​… គីលានុ​បដ្ឋាក​បឋម ​៤៦​នាក់​ ​ឆ្មប​មធ្យម​ ៦១​នាក់​… ឆ្មប​បឋម ​៣៤​នាក់​… អ្នក​ពិសោធន៍​មធ្យម​ ៧​នាក់​… វិទ្យុ​សាស្ត្រ​ ២​នាក់ និង​បុគ្គលិក​ផ្សេង​ៗ​ ២​នាក់​ ។