ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ផ្លូវលេខ១៤៦B នឹងសម្រេចការសាងសង់១០០% នៅខែមេសានេះជាមួយគុណភាពរឹងមាំ


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្ត ទៅស្របតាមបទដ្ឋាន បច្ចេកទេស និងកិច្ចសន្យាសាងសង់ធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

លើកឡើងនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៦B គ្រោងនឹងសាងសង់រួចរាល់១០០% នៅខាងមេសា ខាងមុខនេះ ជាមួយនឹងគុណភាពរឹងមាំត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់។ បើតាមលោកទេសរដ្ឋមន្ត្រី ការធ្វើផ្លូវនេះដើម្បីជាការជួយ សម្រួលដល់រថយន្តដឹកទំនិញធន់ធ្ងន់ ដែលអាចវាងចូលដល់កំពង់ផែតែម្តង ជៀងវាងចូលទៅក្នុងក្រុងព្រះសីហនុ ដែលអាចបង្ករឱ្យមានការកកស្ទះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យអ្នកបើកបរទាំងអស់ចូលរួមគោរពច្បាប់ចររាចរណ៍ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិទាំងអស់ ជាពិសេសកុំដឹកទំនិញ លើសទម្ងន់កំណត់នៃច្បាប់ កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ ដែលជាកត្តាបង្កឱ្យមានការខូចខាតផ្លូវ មុនអាយុកាលការគ្រោះថ្នាក់ចរាចរណ៍ នាំឱ្យបាត់បង់ អាយុជីវិត និងបាត់បង់ថវិកាជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា តាមរូបមន្តរបស់ធនាគារពិភពលោក ទាក់ទងការដឹកទំនិញលើសទម្ងន់កំណត់នេះ បានបង្ហាញថា រថយន្តមួយគ្រឿងដឹកទំនិញលើសទម្ងន់កំណត់១០តោន ស្មើនឹងរថយន្ត១ម៉ឺនគ្រឿងបានបើកលើដងផ្លូវ ហើយបើសិនរថយន្តមួយគ្រឿងដឹកទំនិញលើសទម្ងន់កំណត់ ៣០តោន ស្មើនឹងរថយន្ត៨១ម៉ឺនគ្រឿងបានបើកលើដងផ្លូវ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ទៀតថា គិតដល់ពេលនេះទោះមានការចាប់ផាកពិន័យ យ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកដឹកទំនិញលើសទម្ងន់ ដែលជាហេតុនាំឱ្យផ្លូវឆាប់ខូចផងដែរ ហើយក្រសួងនឹងនៅតែបន្តចុះឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់នេះឱ្យដូចភ្លៀងរលឹម និងមិនមានការដោះលែងដូចមុនទៀតឡើយ។

សូមបញ្ជាក់ទៀតថា គម្រោងសាងសង់ផ្លូវលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់ លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០) ប្រវែងសរុប ៤៣.០២៥គីឡូម៉ែត្រ ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលចាប់ផ្តើមសាងសង់ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅក្នុង ខែសីហា ឆ្នាំ២០២២។

គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិផងដែរ៕