នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដែលបានមកពីអង្គការ ហាសានី អន្តរជាតិ ជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ នៅភូមិតេជោ ភូមិសាឡង់ ភូមិស្តួច និងភូមិ៧មករា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីសំណេះសំណាល លោក Melih Ibrahim Kodal តំណាងអង្គការម្ចាស់ជំនួយ បានសម្ដែងនូវការសប្បាយចិត្ត និងថ្លែងអំណគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា។
ក្នុងឱកាសនៃការសំណេះសំណាលខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់តំណាង អង្គការ ហាសានី អន្តរជាតិដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិ រួចផុតពីសម័យសង្គ្រាម និងធ្វើឲ្យកម្ពុជាមានការរីកចម្រើន មានសុខសុន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនាំគ្នាបន្តចូលរួមថែរក្សាសន្តិភាព ដោយបន្តការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត។ គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីអង្គការខាងលើសម្រាប់មួយគ្រួសាររួមមាន៖ អង្ករ២០គីឡូក្រាម មី១០កញ្ចប់ ប្រេងឆា២លីត្រ ស្ករស២គីឡូក្រាម ទឹកដោះគោ២កំប៉ុង និងអំបិល១គីឡូក្រាម ផ្លែល្មើសកន្លះគីឡូ៕