ប្រជាពលរដ្ឋក្រីក្រចំនួន២៦២គ្រួសារ នៅខណ្ឌជ្រោយចង្វារ ទទួលអំណោយពីអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា តំណាងឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយដែលបានមកពីអង្គការ HASENE នៃប្រទេសទួរគី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២៦២ គ្រួសារ នៅក្នុងបរិវេណវិហារឥស្លាមមុខដាច់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក Mr. Hasan Sula តំណាងអង្គការ HASENE តំណាងអង្គការម្ចាស់ជំនួយ បានសម្ដែងនូវក្តីសោមន្សរីករាយ និងថ្លែងអំណគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។

ឯកឧត្តម  រី រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់តំណាង អង្គការ HASENE ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។

ក្នុងឱកាសនោះ លោកក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ ឯកឧត្តម រ៉ូហ្វី អូស្មាន ក៏បានលើកពីរដ្ឋាភិបាលបានផ្ដល់សិទ្ធិដល់សាសនិកឥស្លាមក្នុងការប្រើប្រាស់ឯកសណ្ឋានបែបសាសនា ក្នុងសាលារៀន ទីកន្លែងធ្វើការ ទីសាធារណៈ ដើម្បីឲ្យសាសនិកឥស្លាមបំពេញកាតព្វកិច្ចជាមុស្លិម។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនាសម្រាប់ការថតឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន។ល។

លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជាក៏មានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ។ ជាមួយគ្នានោះ ដោយក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ ចំនួន១,៥០០នាក់ផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមបានរំលឹកដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពខ្លួនឯង ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ១៩។

គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីអង្គការ ខាងលើសម្រាប់មួយគ្រួសាររួមមាន អង្ករ២០គីឡូក្រាម មី១០កញ្ចប់ ប្រេងឆា២លីត្រ ស្ករស២គីឡូក្រាម ទឹកដោះគោ២កំប៉ុង អំបិល១គីឡូក្រាម និងផ្លែល្មើសកន្លះគីឡូក្រាម៕