អ្នកឧកញ៉ា ទ្រី ភាព៖ បក្សប្រជាជនកម្ពុជា ជាអ្នករំដោះពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពីក្រញាំបនប្រល័យពូជសាសន៍ កូនខ្មែរមិនគួរភ្លេច


អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលបានដឹកនាំចលនាតស៊ូរំដោះយកមកវិញនូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រឡប់មកវិញកាលពី៤៣ឆ្នាំមុន។

អ្នកឧកញ៉ា ទ្រី ភាព នៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ ក្នុងពិធីជួបជុំសំណេះសំណាល និងពិសារអាហាសាមគ្គី ជាមួយសមាជិក សមាជិក និងប្រជាពលរដ្ឋស្រឡាញ់គាំទ្រគណបក្សក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងពិធីនោះ អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរខកខានការដើរកម្សាន្ត ការជួបជុំក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអស់រយៈពេលពីរឆ្នាំមកហើយ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ អ្នកឧកញ៉ាបន្ថែមថា រយៈពេលពីរឆ្នាំនេះ ទោះមិនបានចូលឆ្នាំ តែក៏បានរក្សាជីវិតគង់ពីជំងឺកូវីដ១៩ ដែលផ្ទុយពីការខកខានការចូលឆ្នាំថ្មីក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងរបបនេះកុំថាឡើយមិនបានប្រារព្ធពិធីបុណ្យចូលឆ្នាំ សូម្បីតែជីវិតក៏រក្សាមិនបានផង។

«ពីរឆ្នាំមកនេះបងប្អូនយើងអត់បានប្រារព្ធពិធីបុណ្យចូលឆ្នាំ ព្រោះយើងត្រូវរួមគ្នាជាមួយសម្តេចតេជោ ជាមួយរាជរដ្ឋាភិបាលការពារជំងឺកូវីដ១៩។ យើងខកខានប្រារព្ធពិធី គឺដើម្បីរក្សាការពារជីវិតពីជំងឺ ផ្ទុយពីការខកខានបុណ្យចូលឆ្នាំក្នុងរបបប្រល័យពូជសាសន៍ ដែលសូម្បីតែជីវិតក៏មិនគង់ផង»។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា ទ្រី ភាព។

រំលឹកដល់របបប្រល័យពូជសាសន៍នេះ អ្នកឧកញ៉ា បានរំលឹកពីភាពយង់ខ្នងក្នុងរបបនេះ ដែលលុបបំបាត់រាល់ពិធីបុណ្យជាប្រពៃណីជាតិខ្មែរ ដែលជារបបដ៏ព្រៃផ្សៃមិនអាចបំភ្លេចបាន។ អ្នកឧកញ៉ា បានផ្តាំផ្ញើដល់សមាជិក សមាជិក និងអ្នកស្រឡាញ់គាំទ្របក្សឱ្យចងចាំនូវគុណបំណាច់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបនេះ ហើយរំដោះអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងពិធីប្រពៃណីផ្សេងៗរបស់ខ្មែរត្រឡប់មកវិញ។

អ្នកឧកញ៉ា ទ្រី ភាព បានរំលឹកយ៉ាងដូច្នេះ «យើងត្រូវតែចងចាំនូវគុណូបការៈរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ព្រោះតែការលះបង់របស់ពួកគាត់ទើបរក្សាអាយុជីវិតជីដូនជីតា ឪពុកម្តាយរបស់យើង និងបានរំដោះមកវិញទាំងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរយើងផងដែរ។ យើងអ្នកកាន់ព្រះពុទ្ធសាសនា កាន់សច្ចទៀងត្រង់ មិនត្រូវរមិលគុណបំភ្លេចនូវការលះបង់ដ៏ធំធេងមួយនេះឡើយ»

អ្នកឧកញ៉ា ទ្រី ភាព ក៏បានរំលឹកដល់ភាពជោគជ័យលើការដឹកនាំរបស់សម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្រាប់អ្នកឧកញ៉ា ព្រោះតែភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះហើយ ទើបអនុញ្ញាតឱ្យពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយនៅឆ្នាំនេះ។

សូមបញ្ជាក់ថា នៅក្នុងពិធីនាព្រឹកមិញនេះ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បាននាំយកនូវអំណោយទេយ្យទាន ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រគេន និងចែកជូនមន្ត្រីគណបក្សឃុំ គណបក្សស្រុក កងកម្លាំង និងសមាជិកបក្ស ព្រមទាំងព្រះសង្ឃចំនួន ៧វត្ត ដែលសរុបជាវិកាអស់ប្រមាណ ៩៦,០០០,០០០រៀល៕