ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង ចែកស្បៀងអាហារដល់កងកម្លាំងប្រដាប់អាវុធ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ


(ស្ទឹងត្រែង)៖ ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានចុះសួរសុខទុក្ខ និងបាននាំយក អំណោយជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ១ ផ្នែកសឹករងសៀមប៉ាង ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងកងកម្លាំងគិលានុដ្ឋាននៃយោធភូមិភាគ ទី០១ ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជានិងឡាវ។

ក្នុងសកម្មភាពដែលបានធ្វើឡើង នៅថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំបណ្តាំសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេច តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសជិតចូលឆ្នាំប្រពៃណីជាតិខ្មែរ មកដល់នាពេលខាងមុខនេះ។

ឯកឧត្តម បន្តថា ការនាំយកអំណោយនៅពេលនេះ គឺសរបញ្ជាក់ឲ្យឃើញពីការផ្សារភ្ជាប់រវាងកម្លាំងជួរមុខ ដែលមាន កងកម្លាំងកងទ័ព ក៏ដូច កម្លាំងនគរបាល ខ្សែបន្ទាត់ព្រំដែន និងកម្លាំងជួរក្រោយ ដែលមានគណៈបញ្ជាការឯកភាពខេត្ត ដោយលោកអភិបាលខេត្ត ជាប្រធាន នឹង មន្ទីរអង្គភាព ជាសេនាធិការឲ្យរដ្ឋបាលខេត្ត។

ឯកឧត្តម ស្វាយ សំអ៊ាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់បងប្អូន កងទ័ព ដែលបានពាក់លី នូវសាច់ស្រស់ ឈាមស្រស់ តស៊ូរស់នៅឆ្ងាយពីគ្រួសារ ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ ដោយក្នុងនោះដែរ លោកអភិបាលខេត្តបានរំលឹកដល់កងកម្លាំងទាំងអស់ថា ភារៈកិច្ចកងកម្លាំងនៅពេលនេះ ក្រៅពីការពារបូរណភាពទឹកដី កងកម្លាំងទាំងអស់ក៏ត្រូវ បង្ក្រាបបទល្មើសផ្សេងៗ ដែលតែងកើត មាននៅតាមខ្សែព្រំដែន។

ឯកឧត្តម ផៃ ប៊ុនឈឿន ក៏បានលើកឡើងអំពីតម្លៃនៃ សន្តិភាព ដោយបានបញ្ជាក់ថា ប្រទេសកម្ពុជាមានសន្តិភាព ដូចសព្វថ្ងៃនេះ ដោយបានការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចតេជោ ហ៊ុន សែន ដែលតែស្វែងរក សន្តិភាព ជូនជាតិមាតុភូមិ និងបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។

អំណោយដែលរដ្ឋបាលខេត្តស្ទឹងត្រែងនាំយកមកប្រគល់ជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ ១ ផ្នែកសឹករងសៀមប៉ាងចំណុះតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជានិងឡាវ រួមមាន អង្ករប្រណិត ៣៥០០ គីឡូក្រាម មីម៉ាម៉ា ១២ កេសធំ ស្មើនឹង ៧២ កេសតូច ត្រីខកំប៉ុង ១២ កេស ទឹកស៊ីអ៉ីវ ១២ កេស ទឹកត្រី ១២ កេស ទឹកបរិសុទ្ធសេកុង ៤០ កេស ប្រហុកត្រី ១០ គីឡូក្រាម និងថវិកា ៦ ០០០ ០០០ រៀល នឹង អំណោយរបស់ លោក ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម ផងដែរ ។ កងកម្លាំងគិលានុដ្ឋាននៃយោធភូមិភាគ ទី០១ ទទួលបាន អង្ករ ១៣០០ គីឡូក្រាម មីម៉ា ០៤ កេសធំ ស្មើនឹង ២៤ កេសតូច ស្រីខកំប៉ុង ០៤ កេស ទឹកស៊ីអ៉ីវ ០៤ កេស ទឹកត្រី ០៤ កេស ទឹកបរិសុទ្ធ សេកុង ២០ កេស ប្រហុក ០៥ គីឡូក្រាម និង ថវិកា ២០០០០០០ រៀល និង អំណោយ របស់ឯកឧត្តម ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម៕