ស្នងការនគរបាលរាជធានីភ្នំពេញ ត្រៀមកម្លាំងនគរបាលការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: សម្រាប់ពិធីបុណ្យចូលឆ្នាំខាងមុខ


(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿ ន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ស្ន ងការ ក៏ដឹកនាំការប្រជុំផ្សព្វផ្សាយស្តីអំពីផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តទី៥នៅភ្នំពេញផងដែរ។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង ក្រុមជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ជាកិច្ចចាប់ផ្តើមលោកស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍សង្ខេបជូនដល់អង្គប្រជុំ ស្តីពីផែនការការពារសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផែនការការពារសន្តិសុខ សុវត្ថិភាព សម្រាប់ដំណើរការបោះឆ្នោត ការឃោសនា ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ ក្រោយពីបញ្ចប់ការអានរបាយការណ៍ ក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង ទាក់ទងទងទៅនឹងផែនការទាំង២ខាងលើនេះផង ដែរ ។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានណែនាំ ដល់លោក លោកស្រីស្នងការរង ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំកម្លាំង ដើម្បីអនុវត្តការងារឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ល្អ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសកម្លាំងចរាចរណ៍ទាំងអស់ត្រូវតែចេញ ជួយសម្រួលចរាចរណ៍ ទាំងក្នុងរាជធានីភ្នំពេញ ក៏ដូចជាច្រកចេញ ចូលរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះ និងរៀបចំកម្លាំងឱ្យបានល្អ ដូចជាការស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ កាត់សក់ខ្លី ជាពិសេសអនុវត្តឱ្យបាននូវសម្តី កាយវិការឱ្យបានសមរម្យ នៅពេលបំពេញតួនាទីភារកិច្ច ក្នុងការការពារតាមបណ្តាការិយាល័យបោះឆ្នោតទាំងអស់ក្នុងរាជធានីភ្នំពេញ ។

ជាមួយនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់អង្គភាពចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ត្រូវទំនាក់ទំនង និងសហការគ្នាឲ្យបានល្អ ដើម្បីផ្តល់ព័ត៌មានមកអ្នកនាំពាក្យ ឬក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស រៀបចំការបកស្រាយ វាយបក និងបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានជ្រាប ចំពោះជនទាំងឡាយណាដែលមានបំណងអាក្រក់ ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានបំណងបង្ខូចកិត្តិយសបុគ្គល អង្គភាព ជាពិសេសញុះញង់បង្កឲ្យមានអសន្តិសុខ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គមជាតិ។

ទន្ទឹមគ្នានេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមកម្លាំងនគរបាលជាង២២០០នាក់ សម្រាប់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពិធីចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខផងដែរ៕