សាសនិកឥស្លាមចំនួន ២៧៥គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលអំណោយកញ្ចប់អាហារជាគ្រឿងឧបភោគបរិភោគសម្រាប់ខែរ៉ាម៉ាឌនពី ឯកឧត្តមវេជ្ជ. សុះ មុះសិន


ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័កព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាកញ្ចប់អាហារគ្រឿងឧបភោគបរិភោគសម្រាប់ (ខែបួសរ៉ាម៉ាឌន) ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងប្រជាពលរដ្ឋខ្វះខាត មកពីភូមិត្នោតតាសាយចំនួន ១២៨គ្រួសារ និងភូមិឈើតឺន ចំនួន ១៤៧គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ពិធីខាងលើមានការអញ្ជើញចូលរួមដំណើរពីសំណាក់ ឯកឧត្តមវេជ្ជ. សាន់ សាប់អីរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ.ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកអភិបាលរង តំណាងលោកអភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ សមាជិកក្រុមប្រឹក្សាស្រុក អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទឹងត្រង់ និងក្រុមការងារសមាគមនិស្សិតមុស្លិុមកម្ពុជាខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរដែន។

ឯកឧត្តមវេជ្ជ. បាននាំក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្ដីនឹករលឹកពីចម្ងាយ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងការពារ ដើម្បីកាត់បន្ថយអាត្រាឆ្លងនៅតាមសហគមន៍ រួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។

ឯកឧត្តមវេជ្ជ.បានគូសបញ្ជាក់ថា ដោយជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: គ្រប់ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយដោះស្រាយឡើយ។ ដូច្នេះយើងត្រូវនាំគ្នាការពារសន្ដិភាពនេះឲ្យបានជារៀងរហូត។ ពិតណាស់គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលចាស់ទុំជាងគេ និងរឹងមាំជាងគេ ដែលកើតឡើងដោយសារប្រជាជនដើម្បីប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ ជាក់ស្តែងគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវមហាសមិទ្ធផលមួយទៀត គឺការបញ្ចប់សង្គ្រាមទាំងស្រុង និងការនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសតាមរយៈ “នយោបាយ ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចគឺជាអគ្គមហារដ្ឋបុរសដ៏ឆ្នើម នៃយើងទាំងអស់គ្នា ដែលបានបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ជាការពិតមិនអាចប្រកែកបាន អ្វីដែលគណបក្សបាននិងកំពុងធ្វើ គឺដើម្បីសម្រេចឱ្យបាននូវបុព្វហេតុចំនួន២ គឺ៖ សន្ដិភាព និងការអភិវឌ្ឍ ដែលយើងទាំងអស់គ្នាត្រូវតែធានាការពារឱ្យបានជាដាច់ខាត ។

ឯកឧត្តមវេជ្ជ. បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខសន្ដិភាព ដែលមានសព្វថ្ងៃឲ្យបានគង់វង្សយូរអង្វែង និងបោះឆ្នោតជូនគណបក្សណាដែលបងប្អូន យល់ថានៅជិតបងប្អូន និងជួយដោះស្រាយរាល់ទុក្ខលំបាកផ្សេងៗ ដែលបងប្អូនបានជួបប្រទះ។ នៅក្នុងឱកាសខែបួស រ៉ាម៉ាឌន ក្នុងឆ្នាំ២០២២ នេះ ឯកឧត្តម បានជូនពរដល់សាសនិកឥស្លាម ទាំងអស់ជួបតែសេចក្តីសុខ ជៀសផុតពីជំងឺផ្សេងៗ និងរីករាយក្នុងក្រុមគ្រួសារ។ សូមជម្រាបថា ថ្ងៃចូលបួសខែរាម៉ាឌន នៅកម្ពុជា ចាប់ផ្តើមពីថ្ងៃទី៣ ខែមីនា តទៅដែលខែនេះ ជាខែមានអត្ថន័យដ៏ពិសិដ្ឋរបស់សាសនាឥស្លាម ហើយនាំគា្នបង្កើនការប្រណីប័តន៍ ទៅចំពោះព្រះអល់ឡោះ ដើម្បីផលបុណ្យ និងធ្វើកិច្ចការមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធន ម្ហូបអាហារ លុយកាក់ ជូនអ្នកខ្វះខាតជួបការលំបាក ពិសេសចាស់ជរា កុមារ និងស្ត្រីម៉េម៉ាយ។

សូមបញ្ជក់ថាអំណោយដែលចែកជូនរួមមាន៖
អង្ករ ៤១២៥ គីឡូក្រាម មី ២៧៥០ កញ្ចប់ អំបិល ២៧៥គីឡូក្រាម មីឡូ២៧៥ ដប ទឹកដោះគោចំនួន៥៥០ កំប៉ុង ស្ករស ៥៥០ គីឡូក្រាម ដែលជាជំនួយរបស់អង្គការមុស្លិមហេលហ្វេន នៃប្រទេសអាល្លឺម៉ង់ ផ្ដល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ៕