សម្តេចតេជោសែន ដាស់តឿនមន្ត្រី ចូលរួមរកយុត្តិធម៌ជូនពលរដ្ឋ


     សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន តាម​ហ្វេស​ប៊ុក ថ្ងៃ​ទី១​ ខែមីនា​នេះ គឺ​នៅ​ក្រោយ​ព្រឹត្តិ​ការណ៍​សប្តាហ៍​កន្លង​ទៅ​ ដែល​សម្តេច​បាន​មាន​ប្រសាសន៍​ដុះ​ក្អែល​មន្ត្រី​ក្រោម​បង្គាប់​ ក្នុង​ពិធី​បិទ​សន្និ​បាត​ក្រសួង​មហា​ផ្ទៃ​កន្លង​មក​នេះ​ បាន​អំពាវ​នាវ​មន្ត្រី​ក្រោម​បង្កាប់​ចូល​រួម​ដោះ​ស្រាយ​ និង​ស្វែង​រក​អំពើ​យុត្តិធម៌​ជួន​ប្រជា​ជន និង​ព្រមាន​មន្ត្រី​បញ្ឈប់​អំពើ​អាក្រក់ និង​ឈប់​ចូល​រួម​ ក៏ដូច​ជា​​ការពារ​ជន​ខិល​ខូច​ ។ ​

​     នៅ​ថ្ងៃ​នេះ​ សម្តេច​បាន​ជំរុញ​​ប្រជា​ពល​រដ្ឋ​ដែល​មាន​ការ​ក្តៅ​ក្រហាយ​នឹង​អំពើ​អយុត្តិធម៌​ណា​មួយ អាច​ផ្ញើ​ជា​សារ​ និង​លិខិត​ផ្សេងៗ ​រួម​ជា​មួយ​ឯក​សារ​ ផ្ញើ​ចូល​មក​ក្នុង​គេហ​ទំព័រ​របស់​សម្តេច​ ។ ទាំង​សំណូម​ពរ របាយ​ការណ៍ ​និង​ពាក្យ​បណ្តឹង​នានា ត្រូវ​តែ​មាន​មូល​ដ្ឋាន​ច្បាប់​ពិត​ប្រាកដ​ រួម​ជា​មួយ​ភ័ស្តុ​តាង​ និង​សាក្សី​ច្បាស់​លាស់​ ។ ដំណោះ​ស្រាយ នឹង​ធ្វើ​ជូន​ប្រជា​ពលរដ្ឋ​ សម្រាប់​រឿង​អយុត្តិធម៌​ពិត​ប្រាកដ​ត្រឹម​ត្រូវ​ ។

     សម្តេច​បាន​បង្ហាញ​ឱ្យ​ប្រជា​ពលរដ្ឋ​ជឿ​ជាក់​នូវ​ស្នាដៃ​ដឹក​នាំ​ និង​កសាង​កម្ពុជា​ពី​ក្រោម​សូន្យ​ រហូត​ដល់​មាន​ការ​រីក​ចម្រើន​មក​ទល់​សព្វ​ថ្ងៃ​នេះ មិន​ដូច​មេ​ដឹក​នាំ​បក្ស​នយោបាយ​មួយ​ចំនួន​ដែល​គ្មាន​សមត្ថភាព ហើយ​មាន​ឈ្មោះ​អា​ស្រូវ​ធ្វើ​គំរូ​អាក្រក់​ដល់​សង្គម ​និង​អ្នក​គាំទ្រ​នោះ​ឡើយ​ ។