សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរ ស្ដីពីការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរ ស្ដីពី ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»

ក្នុងសារាចរ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឲ្យបានយល់អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា ធីវេទ (TVET)» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះប្រារព្ធឡើងក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់។

ដើម្បីឲ្យទិវាជាតិនេះ អាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពអធិកអធម និងមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ បើទោះបីជាការរៀបចំទៅតាមបែបគន្លងប្រក្រតីភាពថ្មីក្នុងការរៀនរស់ជាមួយជំងឺកូវីដ-១៩ ក៏ដោយ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖

១៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុករៀបចំទិវាជាតិនេះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល។ ទន្ទឹមនឹងនេះ ត្រូវរៀបចំផលិតជាវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយទូទាំងប្រទេស។

២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយគ្រប់មធ្យោបាយនានា ដើម្បីអបអរសាទរទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ តាមអង្គភាពរៀងៗខ្លួន។

៣៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួមសហការ និងគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយទិវាជាតិលើកទី៥ ឆ្នាំ២០២២ នេះ ឲ្យកាន់តែផុលផុស និងគ្រប់មធ្យោបាយដូចជា ការចងពាក្យស្លោក បដា នៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។

៤៖ រដ្ឋបាលខេត្តនីមួយៗ ត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុង
ដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជនក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានផងដែរ។

៥៖ ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត ឲ្យធ្វើការផ្សព្វផ្សាយសារាចរ សារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ក្នុងឱកាសប្រារព្ធទិវាជាតិនេះ។

៦៖ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំចងបដា ពាក្យស្លោក នៅតាមអង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចខាងក្រោម៖

* អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២!
* TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់!
* TVET ជួយឲ្យមានការងារសមរម្យ និងមានប្រាក់ចំណូលខ្ពស់!
* TVET ជំនាញពិត ជីវិតប្រសើរ!
* TVET ជាសសរស្តម្ភមួយនៃកិច្ចគាំពារសង្គមជូនប្រជាពលរដ្ឋ!
* TVET ផ្តល់ជំនាញពិត ផ្តល់ការងារ និងមុខរបរសមរម្យ!
* យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត!
* ស្ត្រី និងជនជាតិដើមភាគតិច ក៏រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈបានដែរ!
* TVET ដើម្បីទាំងអស់គ្នា!

រាជរដ្ឋាភិបាល សូមអំពាវនាវដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិ ទាំងអស់ សូមចូលរួមនិងផ្សព្វផ្សាយទិវាជាតិនេះ ឲ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេស៕

ខាងក្រោមនេះ ជាសារាចររបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖