សម្តេចតេជោសែន ទទួលជួបប្រធានអង្គការសេដ្ឋកិច្ច វប្បធម៌ អាស៊ាន-ជប៉ុន


HS met Jap 02 03 16 2 copy

     សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន បាន​អនុញ្ញាត​ឱ្យ​ លោក Norio Yamaguchi ប្រធាន​អង្គការ​ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច និង​វប្បធម៌​អាស៊ាន-ជប៉ុន នៃ​ក្រុម​ប្រឹក្សា​ផ្លាស់​ប្តូរ​មិត្ត​ភាព គឺ​ជា​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​មួយ ដែល​មិន​រក​ប្រាក់​ចំណេញ និង​មាន​អាយុ​កាល​ប្រមាណ​ ៣៣​ឆ្នាំ​មក​ហើយ​​ ។ អង្គ​ការ​នេះ ​មាន​សមាជិក​សុទ្ធ​សឹង​ជា​ក្រុម​ពាណិជ្ជ​ករ មក​ពី​បណ្ដា​ក្រុម​ហ៊ុន​ប្រមាណ​ជាង​ ១០០០​ក្រុម​ហ៊ុន​… ហើយ​ទិស​ដៅ​នៃ​អង្គ​ការ​នេះ គឺ​ដើម្បី​ជំរុញ​ការ​យល់​ដឹង​ផង និង​ជំរុញ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​ទាំង ឡាយ​នៅ​លើ​ពិភព​លោក​ផង​ដែរ​ ចូល​ជួប​សំដែង​ការ​គួរ​សម​ នៅ​វិមាន​សន្តិ​ភាព​ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មិនា ឆ្នាំ ​២០១៦ ​។

     លោក Norio Yamaguchi បាន​ជម្រាប​ជូន​សម្តេច​ថា​ ដំណើរ​ទស្សន​កិច្ច​នៅ​ពេល​នេះ គឺ​ដើម្បី​ស្វែង​យល់​អំពី​កម្ពុជា ជា​ពិសេស​អំពី​នយោបាយ​ទូទៅ​របស់​កម្ពុជា​ផង និង​ការ​គ្រប់​គ្រង​របស់​សម្តេច​តេជោ​ ដែល​ធ្វើ​ឱ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ទទួល​បាន​នូវ​សន្តិភាព ស្ថេរ​ភាព និង​ការ​អភិវឌ្ឍ រួម​ទាំង​ទស្សន​​វិស័យ និង​ទំនាក់​ទំនង​ទ្វេ​ភាគី​ដែល​ជា​ការ​រំពឹង​ទុក​របស់​កម្ពុជា​ ចំពោះ​ប្រទេស​ជប៉ុន ​។

     សម្តេច​តេជោ​សែន​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ខាង​មុខ​នេះ ជើង​យន្ត​ហោះ​​នៃ​ក្រុម​ហ៊ុន​ជប៉ុន​ ANA នឹង​មាន​ការ​ហោះ​ហើរ​លើក​ដំបូង​មក​កាន់​កម្ពុជា ដែល​នោះ​គឺ​ជា​ការ​ជំរុញ​​កត្តា​វិនិយោគ​ជប៉ុន​មក​កាន់​កម្ពុជា​កាន់​តែ​កើន​ឡើង ​។ សម្តេច​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​តួនាទី​ជប៉ុន ដែល​បាន​ជួយ​កម្ពុជា​ក្នុង​ដំណាក់​កាល​ស្វែង​រក​សន្តិ​ភាព ក៏​ដូច​ជា​ដំណាក់​កាល​កសាង​ប្រទេស ឈាន​ដល់​មាន​ការ​អភិវឌ្ឍ​រហូត​ដល់​ពេល​នេះ​ ។

     សម្តេច​បាន​ជម្រាប​ជូន​ប្រតិភូ​ទាំង​មូល អំពី​អាទិភាព​របស់​រាជ​រដ្ឋា​ភិបាល ដែល​ពី​ដើម​ឡើយ គឺ​មាន​ទឹក ផ្លូវ ភ្លើង និង​មនុស្ស ប៉ុន្តែ​ឥឡូវ​នេះ បាន​កែ​ប្រែ​មុំ គឺ​មនុស្ស ទឹក ផ្លូវ ភ្លើង​វិញ ​។ អំពី​កំណែ​ទម្រង់​ជា​អាទិភាព​របស់​រាជ​រដ្ឋា​ភិបាល ​ដែល​បាន​នឹង​កំពុង​តែ​ធ្វើ គឺ​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ កំណែ​ទម្រង់​ច្បាប់​ និង​តុលា​ការ កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​ក៏​បាន​ជម្រាប​ជូន​អំពី​នយោបាយ​ថ្មី​ពីរ របស់​រាជ​រដ្ឋា​ភិបាល នោះ​គឺ​ជា​នយោបាយ​ផលិត​កម្ម​ស្រូវ និង​នាំ​ចេញ​អង្ករ និង​នយោបាយ​មួយ​ទៀត គឺ​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហក​ម្ម និង​មាន​ទិស​ដៅ​ទាក់​ទាញ​អ្នក​វិនិយោគ ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​ប្រើ​ប្រាស់​ធន​ធាន ដែល​កម្ពុជា​មាន​ស្រាប់ និង​ឧស្សាហ​កម្ម​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​ ។ សម្តេច​ក៏​បាន​ស្នើ​ការ​ជួយ​ជំរុញ​​ឲ្យ​អ្នក​វិនិយោគ​ជប៉ុន ដើម្បី​វិនិយោគ​លើ​វិស័យ​ទាំង​នេះ ដែល​មិន​ត្រឹម​តែ​សម្រាប់​ទី​ផ្សារ​កម្ពុជា​នោះ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ទី​ផ្សារ​ពិភព​លោក​ទាំង​មូល​តែ​ម្តង រួម​ទាំង​ទី​ផ្សារ​ជប៉ុន​ផង​ដែរ​ ៕

HS met Jap 02 03 16 3 copy  HS met Jap 02 03 16 4 copy