ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

កិច្ចប្រជុំក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព។

កិច្ចប្រជុំកំពូលលើកទី៤នេះ ត្រូវបានគេរំពឹងថា នឹងរួមវិភាគទានយ៉ាងសំខាន់ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសជប៉ុនលើកទី២៤នេះ សម្តេចក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុនផងដែរ។ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៤ ខែមេសា។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងអំឡុងពេលវេទិកាទឹកពិភពលោកលើកទី៤ ដែលធ្វើឡើងនៅទីក្រុងម៉ិកស៊ិចកូ ប្រទេសម៉ិកស៊ិចកូ ក្នុងឆ្នាំ២០០៦ នៅពេលដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន Ryutaro Hashimoto បានអំពាវនាវឱ្យមានការបង្កើតវេទិកាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាវេទិកាមួយដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក អំពីទស្សនទានស្តីអំពីទឹក។

លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន ក៏បានស្វះស្វែងបង្កើតឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជួបផ្ទាល់ និងពិភាក្សាអំពីបញ្ហាទឹកផងដែរ។ ផ្អែកលើការឯកភាពគ្នានេះ កន្លងមក ចាប់តាំងពីឆ្នាំ ២០០៧ មានកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹក ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំនួន៣លើករួចមកហើយ។

លើកទី១ ធ្វើឡើងនៅខែធ្នូ ឆ្នាំ២០០៧ ក្នុងប្រទេសជប៉ុន ក្រោមមូលបទ «សន្តិសុខទឹក៖ ភាពជាមេដឹកនាំ និងការបេ្តជ្ញាចិត្ត», លើកទី២ ធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៣ ក្នុងប្រទេសថៃ ក្រោមមូលបទ «សន្តិសុខទឹក៖ ភាពជាមេដឹកនាំ និងការបេ្តជ្ញាចិត្ត ដោយផ្តោតលើបញ្ហាប្រឈមគ្រោះមហន្តរាយពីទឹក» និងលើកទី៣ ធ្វើឡើងនៅខែមេសា ឆ្នាំ២០១៧ ក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមមូលបទ «សន្តិសុខទឹកសម្រាប់ការអភិវឌ្ឍដោយចីរភាព»