អង្ករចំនួន ២,១តោន បានផ្តល់ជូន ប្រជាពលរដ្ឋសាសនិកឥស្លាម នៅស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង


រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេជ្ជ្ជ. ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយអង្ករហ្សាកាត់ ក្នុងខែបួសរ៉ាម៉ាឌន ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ចំនួន២០១គ្រួសារ ស្ថិតនៅ ក្នុងស្រុកស្រែអំបិល ចំនួន ៧៥គ្រួសារ និងស្រុកបទុមសាគរ ចំនួន១២៦គ្រួសារ ។

ឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំល្អ រក្សាសន្តិភាព និងធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។

ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានជំរុញដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស និងដូសជំរុញអោយបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា អង្ករហ្សាកាត់ដែលបានចែកជូន សរុប ចំនួន ២,១តោន គិតជាថវិកាសរុបចំនួន ៨,៦៤៣,០០០រៀល ។