រដ្ឋបាលខេត្តកំពង់ចាម ប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រដ្ឋាភិបាលដំណាក់កាលទី២


រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី២ ដល់កសិករ និងតំណាងសហគមន៍ កសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ថ្ងៃនេះគឺជាឱកាសដ៏ល្អសម្រាប់បងប្អូនប្រជាកសិករ តំណាងសហគមន៍កសិកម្ម ក្នុងការទទួលបានព័ត៌មានពីការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី ២ ដែលជាប្រាក់កម្ចីយកអត្ត្រាការប្រាក់ទាប ដើម្បីជាប្រយោជន៍ ក្នុងការពង្រឹងអាជីវកម្ម និងពង្រីកការងារកសិកម្មក្នុងសហគមន៍របស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់អភិបាលស្រុកទាំងអស់ ដែលបានចូលរួមសូមយកព័ត៌មាននេះ ជួយផ្សព្វផ្សាយបន្តដល់កសិករ នៅក្នុងសហគមន៍តាមមូលដ្ឋានរបស់ខ្លួនផងដែរ។

ដោយឡែក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ផងដែរថា ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដំណាក់កាលទី២ គឺមានទឹកប្រាក់ចំនួន៥០លានដុល្លារ ប្រើប្រាស់ក្នុងក្របខណ្ឌស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ ពោលគឺជាឥណទានមួយជួយជំរុញនាំមុខ ក្នុងវិស័យកសិកម្មផ្សេងៗ ក្នុងនោះលើវិស័យ៤ បូក៣ មានដូចជា៖

*ទី១៖ ពាក់ព័ន្ធការដាំដុះបន្លែផ្លែឈើ
*ទី២៖ ការចិញ្ចឹមសត្វ
*ទី៣៖ កាងារវ៉ារីវប្បកម្ម
*ទី៤៖ ការកែច្នៃផលិតផលកសិកម្ម។ ចំណែក៣ទៀតនោះ ទាក់ទងទៅនឹងផលដំណាំអាចនាំចេញក្រៅប្រទេស មានដូចជា៖

*ទី១៖ ផលដំណាំស្វាយចន្ទី
*ទី២៖ ផ្លែស្វាយកែវល្មៀត
*ទី៣៖ ផ្លែមានខេត្តប៉ៃលិន ឬហៅផ្លែតាង៉ែន។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ទៀតថា មុខសញ្ញាផ្លែឈើទាំងបីប្រភេទខាងលើនេះ ជាដំណាំយុទ្ធសាស្ត្រសម្រាប់ចូលរួមអនុវត្តធ្វើការនាំចេញតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដែលប្រទេសកម្ពុជាយើង បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិនរួចហើយ ដើម្បីអនុវត្តនាំចេញនូវផលដំណាំទាំងនោះ៕