អង្ករចំនួន ១,៥តោន ថវិកាចំនួន ៣លានរៀល និងថ្នាំ១៥០ឈុត បានផ្តល់ជូន ប្រជាពលរដ្ឋសាសនិកឥស្លាមនៅក្នុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ


ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុះ មុះ សិន សមាជិកគណៈកម្មារទី៨នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា រួមនិង ឡេង ប៊ុន តេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយខណ្ឌជ្រាយចង្វារ និង ឯកឧត្តម វេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយអង្ករហ្សាកាត់ ក្នុងខែបួសរ៉ាម៉ាឌន ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ចំនួន ១៥០គ្រួសារ ស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រាយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំល្អ រក្សាសន្តិភាព និងធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឱ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងដូសជំរុញអោយបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ សរុប អង្ករ ១,៥តោន ដោយក្នុងនោះ ឯកឧត្តម ឡេង ប៉ុនតេង ចូលរួមឧបត្តម្ភកម្មវិធីនេះចំនួនថវិកាចំនួន ៣,០០០,០០០រៀល និងកញ្ចប់ថ្នាំ ១៥០ឈុត គិជាថវិកា សរុប ៩,០០០,០០០រៀល
សរុប រួមជាថវិកា ចំនួន ១៨,៤៥០,០០០រៀល ៕