រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាត របស់ក្រសួងអប់រំ យុវជន និងកីឡា


(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។

ធនធានមនុស្ស គឺជាអាទិភាព ក្នុងចំណោមអាទិភាពទាំង៤ (ធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង) ក្នុងគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍។ សម្តេចតេជោ មិនដែលអាក់ខាននោះឡើយក្នុងការអញ្ជើញជាងធិបតីនៃសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបានផ្តល់អនុសាសន៍នានា ជំរុញកែលំអរការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ នេះជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ដែលជាធាតុដ៏ចាំបាច់បំផុតក្នុងដំណើរកសាង និងអភិវឌ្ឍន៍ជាតិ។

សន្និបាតសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា។ សន្និបាត បានលើកមកពិនិត្យ និងពិភាក្សាលើការងារជាច្រើន ពាក់ព័ន្ធការអប់រំនៅកម្ពុជា ព្រមទាំងបានលើកនូវទិសដៅជាច្រើន ដើម្បីកែលំអរការអប់រំ និងបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរក្នុងឆ្នាំសិក្សា២០២១-២០២២។

ក្នុងពីបើកសន្និបាតកាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកបង្ហាញនូវសមិទ្ធផលការងារសំខាន់ៗមួយចំនួន ដែលក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានក្នុងឆ្នាំសិក្សា២០២០-២០២១ ជាពិសេសក្នុងបរិបទកូវីដ-១៩ ក៏ដូចជាក្នុងដំណាក់កាលនៃកំណែទម្រង់វិស័យអប់រំ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណាក់កាលនៃកំណែទម្រង់វិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី ៥ នៃរដ្ឋសភា ចាប់ពីខែកញ្ញា ឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវអាទិភាពកំណែទម្រង់ដំណាក់កាលទី១ ដែលមាន ៨ចំណុច រួមមាន៖ ទី១)- ការពង្រឹងគុណភាពអប់រំ ទី២)- ការពង្រឹងការគ្រប់គ្រងបុគ្គលិក, ទី៣)- ការពង្រឹងការប្រឡងគ្រប់ប្រភេទ, ទី៤)- កំណែទម្រង់ឧត្តមសិក្សា, ទី៥)- ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទស និងជំនាញទន់, ទី៦)- កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ទី៧)-កំណែទម្រង់ការអប់រំកាយ និងកីឡា និង ទី៨)- ការបង្កើតអង្គភាពស្រាវជ្រាវគោលនយោបាយវិស័យអប់រំ។

បន្ទាប់មកនៅក្នុងឆ្នាំ២០១៥ សន្និបាតអប់រំបានដាក់ចេញនូវ «ចក្ខុវិស័យកំណែទម្រង់អប់រំ» ដែលឈរលើសសរស្ដម្ភ ៥រួមមាន៖ ទី១)- ការអនុវត្តផែនការសកម្មភាពគោលនយោបាយគូបង្រៀន, ទី២)- ការធ្វើអធិការកិច្ច ទី៣)– រង្វាយតម្លៃសិក្សា, ទី៤)– ការកែលម្អកម្មវិធីសិក្សា និងបរិស្ថានសិក្សា និងទី៥)– កំណែទម្រង់ឧត្តមសិក្សា។

ជាមួយគ្នានេះ សន្និបាតអប់រំឆ្នាំ២០១៥ ក្រសួង បានដាក់ចេញនូវវិធានការកំណែទម្រង់វិស័យអប់រំ ដំណាក់កាលទី២ គឺ កំណែទម្រង់សាលារៀន។ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ ក្រសួងបានសាកល្បងអនុវត្តកំណែទម្រង់សាលារៀន ដោយបានបង្កើតនូវគំរូកំណែទម្រង់ចំនួន២ រួមមាន៖ ទី១– ការបង្កើតសាលារៀនជំនាន់ថ្មី តាមការស្នើសុំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមរដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានគូសរំលេចថា សាលារៀនជំនាន់ថ្មី មានស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា ដើម្បីបណ្តុះធនធានមនុស្សមានបំណិនសតវត្សទី២១៖ មានស្តង់ដារវិជ្ជាជីវៈខ្ពស់, មានគណនេយ្យភាព, នវានុវត្តន៍,ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការរៀន និងបង្រៀន, ប្រើប្រាស់វិធីសាស្ដ្របង្រៀនថ្មី ដូចជាការបង្រៀនតាមបែបរិះរក តាមបែបគម្រោង តាមបែបដោះស្រាយបញ្ហា និងសហការការបំពាក់ឧបករណ៍សម្ភារៈសម្រាប់បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ, ការផ្ដោតលើមុខវិជ្ជាវិទ្យាសាស្តនិងបច្ចេកវិទ្យា (ស្ទែម) ការបង្កើតក្លឹបសិក្សា ការបង្រៀនសរសេរកូដកុំព្យូទ័រ និងមនុស្សយន្ត,ការបង្រៀនបំណិនជីវិត និងការផ្ដល់ប្រឹក្សាមុខជំនាញជាដើម។

ជារួមសិស្សសាលារៀនជំនាន់ថ្មី មាន៖ (១) ការផ្ដួចផ្តើមគំនិត និងសហគ្រិនភាព, (២) ចេះទំនាក់ទំនង និងសរសេរយ៉ាងប៉ិនប្រសប់ (៣) ចេះវិភាគវាយតម្លៃព័ត៌មាន (៤) ចង់ឃើញចង់ដឹង និងមានការស្រមើស្រមៃ (៥) ចេះគិតបែបវិភាគស៊ីជម្រៅ និងការដោះស្រាយបញ្ហា (៦) ចេះសហការ, (៧) និងមានភាពរហ័សរហួន និងចេះយកចំណេះដឹងទៅអនុវត្ត។ សាលារៀនជំនាន់ថ្មីត្រូវការវិនិយោគកម្រិតខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចដំណើរការដែលជាមធ្យមចំនួន ១០ម៉ឺនដុល្លារ ក្នុងមួយសាលា ក្នុងមួយឆ្នាំ។ មកទល់ពេលនេះ ទើបមានសាលាជំនាន់ថ្មីចំនួន ១០ប៉ុណ្ណោះ គឺ ៦នៅកម្រិតមធ្យមសិក្សា និង ៤ នៅកម្រិតបឋមសិក្សា។

ឯកឧត្តមរដ្ឋមន្ត្រីអប់រំ ក៏បានលើកបង្ហាញពីការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព (SBM)ផងដែរ។ បើតាមឯកឧត្តម ហង់ជួន ណារ៉ុន ដើម្បីគ្រង់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាពនេះ ក្រសួងបានដោយផ្ដោតលើគោលការណ៍ចំនួន៥ រួមមាន៖
ទី១៖ គណនេយ្យភាព Accountability ៖ នាយកសាលាត្រូវមានគណនេយ្យភាពចំពោះមាតាបិតា ដោយបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងចុះកិច្ចសន្យាលទ្ធផលការងារប្រចាំឆ្នាំ, ការប្រជុំវាយតម្លៃ និងស្វ័យវាយតម្លៃ ដើម្បីសម្រេចស្តង់ដារសាលារៀនមានប្រសិទ្ធភាព។

ទី២៖ ស្វ័យភាព Autonomy ៖ សាលារៀបចំផែនការកែលម្អសាលារៀន ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ជាពិសេសដើម្បីជួយបង្កើតបរិស្ថានអំណោយផលសម្រាប់ការរៀនសូត,ជួយគាំទ្រគូ កែលម្អវប្បធម៌សាលារៀន, និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ តាមរយៈកម្មវិធីលើកកម្ពស់គុណវុឌនាយក (LUP)។

ទី៣៖ រង្វាយតម្លៃ Assessment ៖ ការរៀបចំតេស្តស្តង់ដារមានតម្លាភាព និងយុត្តិធម៌ដើម្បីកែលម្អការបង្រៀន ដោយបង្រៀនបន្ថែមជួយដល់សិស្សរៀនយឺត និងផ្សព្វផ្សាយលទ្ធផលជាសាធារណៈ និងផ្តល់ព័ត៌មានពីលទ្ធផលសិក្សាដល់មាតាបិតា។

ទី៤៖ ការយកចិត្តទុកដាក់ដល់គ្រូបង្រៀន Attention to Teachers ៖ គ្រូប្រើលទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន ការចុះកិច្ចសន្យាវាយតម្លៃលទ្ធផលការងារ និងការបង្កើនគុណវុឌ្ឍគ្រូតាមរយៈកម្មវិធីបង្កើនគុណវុឌ្ឍគ្រូ (TUP)។

ទី៥៖ ការចូលរួម P-Articipation ៖ មាតាបិតាចូលរួមគាំទ្រសាលា ដើម្បីរួមគ្នាអភិវឌ្ឍសាលារៀន។

លោករដ្ឋមន្ត្រី បានអះអាងថា ក្រសួងជ្រើសរើសសាលារៀនចំនួន១០០ សម្រាប់ការកែទម្រង់ ហើយសាលារៀនស្ទើរទាំងអស់សម្រេចបាននូវស្តង់ដារសាលាមានប្រសិទ្ធភាព និងមានផលជះលើសាលាបណ្ដាញជិត ៣០០ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងដែរថា ក្នុងឆ្នាំ២០២២នេះ សន្និបាតអប់រំ បានសម្រេចដាក់ចេញវិធានការកែទម្រង់វិស័យអប់រំដំណាក់កាលទី៣ គឺ៖ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព។ ឈរលើស្មារតីនេះ ក្រសួងដាក់ចេញការងារអាទិភាពមួយចំនួនរួមមាន៖

១៖ ដាក់ឱ្យអនុវត្តអភិក្រមស្តីពីការគ្រប់គ្រងផ្តោតលើលទ្ធផល ឆ្ពោះទៅរកការដោះស្រាយបញ្ហាជាលក្ខណៈប្រព័ន្ធ និងតាមបែបអនុវិស័យ ការពង្រឹងប្រព័ន្ធគ្រប់គ្រងអប់រំ៖ ដោយត្រូវរួមបញ្ចូលគ្នានូវការពិនិត្យឡើងវិញមុខងារ និងភារកិច្ច ការរៀបចំផែនការប្រចាំឆ្នាំ, ការអភិវឌ្ឍសមត្ថភាពការអនុវត្តគន្លងអាជីព, ការពង្រឹងការអនុវត្តកំណែនិងការពិនិត្យតាមដាននិងវាយតម្លៃ។

២៖ ការពង្រឹងការអនុវត្តកំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស៖ ដោយត្រូវផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈជាគ្រូបង្រៀន,ភាពជាអ្នកដឹកនាំនិងគ្រប់គ្រង និងជាអ្នកស្រាវជ្រាវ និងវាយតម្លៃ, ការកែលម្អប្រព័ន្ធលើកទឹកចិត្តនិងការផ្ដល់ឱកាស សម្រាប់ការអភិវឌ្ឍគន្លងអាជីព ក៏ដូចជាការទទួលស្គាល់អ្នកជំនាញអប់រំតាមរយៈការលើកកម្ពស់ការប្រណាំងប្រជែង, ការវាយតម្លៃនាយកសាលាល្អ គ្រូបង្រៀនល្អគ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ដំបូង និងនាយកសាលាស្អាត ជាដើម ដោយបើប្រាស់ប្រព័ន្ធរង្វាយតម្លៃការបំពេញការងារប្រចាំឆ្នាំ។

៣៖ ការពង្រឹងប្រព័ន្ធនិងផ្លាស់ប្ដូររបៀបធ្វើការ៖ ដោយប្រែក្លាយឧត្តមានុវត្តនៃការអនុវត្តគម្រោងនានា មកជាការពង្រឹងប្រព័ន្ធ និងការរៀបចំគោលនយោបាយ និងគោលការណ៍ណែនាំ។

ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានឱ្យដឹងថា បើទោះបីដំណើរការរៀន និងបង្រៀនក្នុងរយៈពេលពីរឆ្នាំកន្លងមក ត្រូវបានអាក់ខានដោយអន្លើ ដោយសារវិបត្តិកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបានបន្តអនុវត្តកម្មវិធីកំណែទម្រង់និងបានប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាសផងដែរ

របាយការណ៍របស់ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២១-២០២២ កម្ពុជា មានសាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានចំនួន ១៨,៤៣០។ ក្នុងនោះ មត្តេយ្យសិក្សាសហគមន៍ ៣,០៨៣កន្លែង, គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣,៦៨១ និងគ្រឹះស្ថានសិក្សាឯកជន ១,៦៦៦។

សិស្សសរុបមានចំនួន ៣,៥៨៩,០២៥នាក់ សិស្សស្រី ៥០,៤ភាគរយ។ ក្នុងនោះសិស្សមត្តេយ្យសិក្សាសហគមន៍ ៧១,៣៩៩នាក់ ស្រី ៥១,៧ ភាគរយ, សិស្សគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ៣,២៧៧,០៧៦នាក់ ស្រី ៥០,៤ ភាគរយ និងសិស្សគ្រឹះស្ថានសិក្សាឯកជន ២៤០,៥៥០នាក់ ស្រី ៤៩,០ភាគរយ។ គ្រឹះស្ថានឧត្តមសិក្សាសរុបមានចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨និងគ្រឹះស្ថានឧត្តមសិក្សាឯកជន៨២។

និស្សិតកំពុងសិក្សានៅកម្រិតឧត្តមសិក្សាសរុបមានចំនួន ១៩៨.៣៦៣ នាក់ ស្រី ៤៩,៧ ភាគរយ។

បុគ្គលិកអប់រំគ្រប់កម្រិតសរុបមានចំនួន ១១៦,៦០៣នាក់ ស្រី ៤៦,៥ភាគរយ ក្នុងនោះបុគ្គលិកអប់រំនៅថ្នាក់ជាតិ ៥,០៧២នាក់ និងថ្នាក់ក្រោមជាតិ ១១១,៥៣១នាក់។ គ្រូមត្តេយ្យសិក្សាសរុបមានចំនួន ៣,៦២៨ នាក់, គ្រូបឋមសិក្សា ៤៦,៧៦១នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន ៤២,៥៥៦នាក់។ ក្នុងនោះគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយ និងកីឡា ២,៥២៤ នាក់, គ្រូបង្រៀនកម្រិតឧត្តម (បង្រៀននៅវិទ្យាល័យ) ១៤,០០០នាក់, គ្រូបង្រៀនកម្រិតឧត្ដមបម្រើការនៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ១,៦៥១នាក់, អធិការបឋម ៤០នាក់ និងអធិការមធ្យម ២៧៩នាក់៕