គ្រឿងឧបភោគបរិភោគចំនួន៥២គញ្ជប់ និងអង្ករចំនួន៣តោន រួមនិងថវិកា ១លានរៀល បានផ្តល់ជូនប្រជាពលរដ្ឋសាសនិកឥស្លាម ស្រុកពញាឮ ខេត្តកណ្តាល និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ


ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តម ម៉ាន សុគ្រី រដ្លេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ព្រមទាំងទាំងក្រុមការងារ ចុះមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់សាសនិកឥស្លាម នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល និង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងនោះ ៖
១ នៅភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានទទួល អំណោយ ចំនួន៥២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ៖ ថវិកា ១០០០០រៀល អង្ករ ១៥គីឡូក្រាម មី១០កញ្ចប់ អំបិល ១គីឡូក្រាម ស្ករសរ ១គីឡូក្រាម មីឡូ ១ដប ទឹកដោះគោ ៣កំប៉ុង ព្រមទាំងផ្តល់ជូនសម្រាប់វិហារ ចំនួន ៤០០០០០រៀល ។
២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានទទួលអង្ករហ្សាកាត់ ក្នុងខែបួសរ៉ាម៉ាឌន ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ចំនួន១៥០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ១០គីឡូក្រាម ។
៣សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានទទួលអង្ករហ្សាកាត់ ក្នុងខែបួសរ៉ាម៉ាឌន ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ចំនួន១៥០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ១០គីឡូក្រាម ។

ឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំល្អ រក្សាសន្តិភាព និងធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស និងដូសជំរុញអោយបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ សរុប អង្ករ ៣តោន គ្រឿងឧបភោគបរិភោគ៥២កញ្ចប់ សរុបជាថវិកា ស្មើនឹង ១៣,៨២០,០០០រៀល ។