គណបក្សប្រជាជនកម្ពុជា បាត់បង់ឥស្សរជនតស៊ូម្នាក់ទៀត


Peng Path 03 03 16 2 copy

     គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​បាត់​បង់​ឥស្សរ​ជន​តស៊ូ​ដ៏​ឆ្នើម​ម្នាក់​ ដែល​កំពុង​បម្រើ​ជា​សមាជិក​ក្នុង​ស្ថាប័ន​ព្រឹទ្ធ​សភា ។ នាយ​ឧត្តម​សេនីយ៍​ ប៉េង​ ប៉ាត់ សមាជិក​ព្រឹទ្ធ​សភា ​និង​ជា​សមាជិក​គណៈ​កម្មការ​មហា​ផ្ទៃ ការពារ​ជាតិ ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា អធិការ​កិច្ច​និង​មុខ​ងារ​សាធារណៈ បាន​ទទួល​មរណ​ភាព​នៅ​ថ្ងៃ​ទី​២​ ខែមិនា​ ក្នុង​ជន្មាយុ ៦៦​ឆ្នាំ ​ដោយ​រោគាពាធ​ ។ នាយ​ឧត្តម​សេនីយ៍​ ប៉េង ​ប៉ាត់ គឺ​ជា​ស្វាមី​របស់​ លោក​ជំទាវ​ឧប​នាយក​រដ្ឋ​មន្ត្រី​ ម៉ែន សំអន ​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​។

     សព​នាយ​ឧត្តម​សេនីយ៍​ ប៉េង​ ប៉ាត់​ កំពុង​តម្កល់​នៅ​ភូមិ​គ្រឹះ​លេខ​៣ ផ្លូវ​​លេខ​៤៦៦​ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន​រាជ ធានី​ភ្នំពេញ​ ។ ពិធី​ដង្ហែរ​សព នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៥ ខែ​​មិនា ​ឆ្នាំ ​២០១៦​ ឆ្ពោះ​ទី​កាន់​ឈាបន​ដ្ឋាន ​នៅ​ទី​លាន​មុខ​វត្ត​បុទុម​វត្តី​ ។

     ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នានា​ទូ​ទាំង​ប្រទេស រួម​នឹង​កាក​បាទ​ក្រហម​កម្ពុជា​ផង​ដែរ បាន​ធ្វើ​លិខិត​សម្តែង​ចូល​រួម​មរណ​ទុក្ខ​ ។ សម្តេច​វិបុល​សេនា​ភក្តី​ សាយ ​ឈុំ ប្រធាន​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​​ទី២​ ខែ​មិនា​ បាន​ធ្វើ​លិខិត​មួយ​ក្នុង​នាម​ស្ថាប័ន​ព្រឹទ្ធ​សភា​ សម្តែង​ក្តី​ក្រៀម​ក្រំ សោក​ស្តាយ​ និង​អា​ឡោះ​អាល័យ ​ចំពោះ​មរណ​ភាព​ នាយ​ឧត្តម​សេនីយ៍​ ប៉េង ​ប៉ាត់ ​ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​នេះ​ ។

     នៅ​ជា​មួយ​គ្នា​នេះ​ផង​ដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន ​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​ធ្វើ​លិខិត​មួយ ​ក្នុង​នាម​ស្ថាប័ន​កាក​បាទ​ក្រហម​កម្ពុជា ចាត់​ទុក​មរណ​ភាព​របស់​នាយ​ឧត្តម​សេនីយ៍​ គឺ​ជា​ការ​បាត់​បង់​ឧត្តម​ស្វាមី បិតា ជីតា ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ មាន​ទឹក​ចិត្ត​សណ្តោស​ប្រណី​ថ្លៃ​ថ្លា និង​ជា​កុល​បុត្រ​ឆ្នើម​មួយ​រូប ជា​វីរ​ជន​ពោរ​ពេញ​ដោយ​គុណ​ធម៌ សច្ច​ធម៌ ដែល​បាន​ធ្វើ​ពលិកម្ម​ជា​ច្រើន បូជា​កម្លាំង​កាយ​ចិត្ត ប្រាជ្ញា ចូល​រួម​ដឹក​នាំ​កម្លាំង​តស៊ូ​រំដោះ​ប្រទេស​ និង​ប្រជា​ពលរដ្ឋ​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត និង​បាន​ចូល​រួម​យ៉ាង សកម្ម​ក្នុង​ការ​ស្តារ​កសាង​ប្រទេស ឱ្យ​មាន​សុខ​សន្តិ​ភាព ស្ថិរ​ភាព​នយោបាយ ​ដើម្បី​វឌ្ឍន​ភាព វិបុល​ភាព និង ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​របស់​ជាតិ​មាតុ​ភូមិ​ ។

     នាយ​ឧត្តម​សេនីយ៍​ ប៉េង​ ប៉ាត់ គឺ​ជា​អតីត​អ្នក​តស៊ូ​នៃ​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ ដែល​បាន​រំដោះ​ប្រទេស​ចេញ​ផុត​ពី​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ នៅ​ថ្ងៃ​៧ ខែ​​មករា ​ឆ្នាំ ​១៩៧៩ ​។ នាយ​ឧត្តម​សេនីយ៍ បាន​បំរើ​ជា​សមាជិក​ព្រឹទ្ធ​សភា​ នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ តាំង​ពី​និតិកាល​ទី​១ រហូត​ដល់​និតិ​កាល​ទី​៣ ​នេះ​ដោយ​បាន​រួម​ចំណែក​ក្នុង​ដំណើរ​ការ​ពង្រឹង​និតិ​រដ្ឋ លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​លើក​កម្ពស់​កិត្យា​នុ​ភាព​ជាតិ​ ទាំង​ក្នុង​តំបន់ ​និង​លើ​ឆាក​អន្តរ​ជាតិ ​។

Peng Path 03 03 16 3 copy  Peng Path 03 03 16 4 copy

Peng Path 03 03 16 5 copy  Peng Path 03 03 16 6 copy