ឯកឧត្តម វេង សាខុន អនុញ្ញាតអោយ ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅកម្ពុជា ឡាវ និងវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


កាលពីវេលាម៉ោង ០៤:០០ នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ ឯកឧត្តម Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅកម្ពុជា ឡាវ និងវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅឯទីស្តីការក្រសួង។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសថាគោលបំណងនៃជំនួបរបស់លោក និងគណប្រតិភូនាពេលនេះគឺដើម្បីពិភាក្សាលើការផ្លាស់ប្តូរជំនួញរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ព្រមទាំងស្នើសុំការណែនាំពីបែបបទ និងនីតិវិធីក្នុងការនាំចូល និងនាំចេញទំនិញរវាងប្រទេសទាំងពីរ។ ក្រៅពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ចង់ស្វែងយល់ពីការស្នើសុំវិញ្ញាបនប័ត្រក្នុងការនាំចូលសាច់សត្វ និងមានបំណងនាំចេញផ្លែស្វាយ និងដំណាំផ្សេងទៀតពីកម្ពុជា ហើយទស្សនកិច្ចលើកនេះ លោកក៏មានបំណងពិនិត្យមើលនូវលទ្ធភាពនៃការសហការដៃគូជាមួយសហគ្រិនមួយចំនួនផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីមធ្យោបាយក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់រយៈពេលត្រឹមតែ ១៤ថ្ងៃ ប៉ុណ្ណោះដោយត្រូវឆ្លងកាត់កំពង់ផែប្រទេសចិន ហើយក៏អាចប្រើប្រាស់កំពង់ផែនោះធ្វើការនាំផលិតផលនានាទៅកាន់ទីផ្សារប្រទេសអ៊ឺរ៉ុបផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គណប្រតិភូកាហ្សាក់ស្ថាន ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសូមស្វាគមន៏ចំពោះចាប់ដៃគូសហការ និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់នូវកសិផលដែលមានសក្តានុពលនាំចេញ រួមមាន ស្វាយ និងម្រេច ដែលបច្ចុប្បន្នកំពុងប្រកាសរកទីផ្សារនាំចេញ។ ចំពោះបែបបទក្នុងការនាំចេញ-ចូល ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយភាគីកាហ្សាក់ស្ថាន បញ្ជូនមន្រ្តីជំនាញ មកពិភាក្សាលម្អិតជាមួយមន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីបែបបទ និងនីតិវិធីក្នុងការនាំចេញ-ចូល និងពិនិត្យមើលនូវលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ពិចារណាក្នុងការគាំទ្រដល់ការពង្រីកកំពង់ផែសមុទ្រ និងទឹកសាបនៅកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងតម្លៃនៃការនាំចេញ និងបង្កើនល្បឿនទំហំពាណិជ្ជកម្ម។