រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់រង្វាន់ជ័យលាភីជូន បេក្ខជនបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀងបុរាណ-សម័យពានរង្វាន់ «អរគុណសន្តិភាព» អបអរសាទរខួបទី៤៥ ដំណើរទៅរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីពិធីបិទ និងប្រគល់ពានរង្វាន់ជ័យលាភី កម្មវិធីប្រឡង ចម្រៀងបុរាណ-សម័យពានរង្វាន់ «អរគុណសន្តិភាព» អបអរសាទរខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ វគ្គផ្តាច់ព្រ័ត្រ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

កម្មវិធីនេះរៀបចំឡើងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្រោមការឧបត្ថម្ភពីអាវុធហត្ថលើផ្ទៃប្រទេស និងសប្បុរសជន។ នៅក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អាវុធហត្ថលើផ្ទៃប្រទេស និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ នៅសាលចតុមុខ រាជធានីភ្នំពេញ។

ក្រោយប្រឡងចប់ និងមានការសម្រេចពីគណៈកម្មការនោះ កម្មវិធីបានរកឃើញបេក្ខជនបេក្ខនារី ដែលត្រូវទទួលពានរង្វាន់រួមមាន៖

ទី១៖ បេក្ខនារី នៅ សៀងហៃ មកពីខេត្តកំពត ជាប់លេខ ១ ទទួលបានថវិកា ៤៥ លានរៀល
ទី២៖ បេក្ខជន ព្រឿង ប៊ុនរ៉ា មកពីខេត្តបាត់ដំបង ជាប់លេខ ២ ទទួលបានថវិកា ២០ លានរៀល
ទី៣៖ បេក្ខជន ស៊ិន សិលា មកពីខេត្តកំពង់ចាម ជាប់លេខ ៣ ទទួលបានថវិកា ១២ លានរៀល។ ដោយឡែកបេក្ខជន បេក្ខនារី ៤ រូបទៀតដែលមិនបានជាប់ចំណាត់ថ្នាក់ ក៏ម្នាក់ៗទទួលបាន ៤ លានរៀលផងដែរ។

សូមជម្រាបថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបម្រើការកម្សាន្ត សប្បាយដល់ទូរទស្សនិកជន និងការរំលឹកនឹកដល់គុណូបការៈរបស់សម្តេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុន ដឹកនាំ តស៊ូ រំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ និងដឹកនាំប្រទេសជាតិឲ្យមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃ៕