ពិព័រណ៍ការងាររយៈពេល២ថ្ងៃបានចាប់ផ្តើមហើយ នៅថ្ងៃនេះដោយផ្តល់ឱកាសការងារជាង ៣ពាន់កន្លែងដល់យុវជន


ពិព័រណ៍ការងារដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង ចូលរួមគាំទ្រដោយអង្គការអន្ដរជាតិខាងការងារ (ILO) រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ ដល់ ទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចាប់ផ្តើមហើយក្នុងទីតាំងមជ្ឈមណ្ឌល ម៉ានី និងអគារ KAMPUS ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។
ថ្លែងក្នុងពិធីបើកពិព័រណ៍ការងារនាព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា៖ “ពិព័រណ៍ការងារថ្ងៃនេះ ត្រូវបានប្រារព្ធឡើងចំពេលវេលា ប្រកបដោយភាពបត់បែន ប្រទាក់ក្រឡា និងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអន្តរការី នៃសេវាការងារ សំដៅជួយជំរុញដំណើរការ និងសម្របសម្រួលដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុង ទីផ្សារការងារឱ្យទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា ពីការផ្តល់សេវាការងារសាធារណៈ របស់ រាជរដ្ឋាភិបាល។”
ឯកឧត្តមបន្តថា គោលបំណងសំខាន់បំផុតនៃពិព័រណ៍ការងារ គឺការបង្កើតជាវេទិកា ប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាពាក្យស្នើសុំការងារ ជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស។ ព្រឹត្តិការណ៍នេះបានខិតខំរិះរកវិធីកាន់តែមានប្រសិទ្ធភាពស្របតាមតម្រូវការ របស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាសប្រកបដោយ ភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំង ពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍រយៈពេលពីរថ្ងៃនេះ មានក្រុមហ៊ុន សហគ្រាសធំៗចំនួន ២២ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៣០០០កន្លែង និងរំពឹងថានឹងមានយុវជនរាប់ពាន់នាក់ចូលរួមទស្សនា និងដាក់ពាក្យស្វែងរកការងារធ្វើ។
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ តំណាងឯកឧត្តម សាយ សំអាល ប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញមានប្រសាសន៍ថា៖ “ពិព័រណ៌ការងារឆ្នាំ២០២២ នេះបានក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មានទីផ្សារការងារនិងឱកាសទទួលបានការងារកាន់តែទូលំទូលាយ ព្រមទាំងជាវេទិកាដ៏មានសារៈសំខាន់សម្រាប់បង្ហាញផ្លូវដល់យុវជន សិស្ស និស្សិតឱ្យទទួលបានចំណេះដឹង ចំណេះជំនាញថ្មីៗពីអ្នកជំនាញ និងអ្នកស្រាវជ្រាវសម្រាប់រៀបចំខ្លួន និងប្រែក្លាយគោលដៅជីវិត ឲ្យបានសមស្របជាមួយសភាពការប្រែប្រួលក្នុងទីផ្សារក្នុងប្រទេស និងក្នុងតំបន់។
ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យស្វែងរកការងារជាមួយបណ្តាក្រុមហ៊ុនធំៗដែលចូលរួមក្នុងពិព័រណ៍ការងាររយៈពេល ២ថ្ងៃ នេះ។ លើសពីនេះ ប្អូនៗក៏អាចចូលរួមដោយ មិនគិតថ្លៃនៅក្នុងវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ «ការត្រៀមខ្លួនចូលការងារ និងសហគ្រិនភាព» ដើម្បីនឹងទទួលបានចំណេះដឹងពីវាគ្មិនល្អៗដែលមានបទពិសោជន៍ក្នុងទីផ្សារការងារផងដែរ។
កន្លងមក ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលដែលជាមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំត្រូវបានរៀបចំរយៈពេលពីរឆ្នាំតាមប្រព័ន្ធអនឡាញ។ ដោយឡែកសម្រាប់ចុងឆ្នាំ២០២២ នៅថ្ងៃទី ២៨-២៩ ខែតុលា ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័ណ៌ការងារ និងផលិតភាពជាតិថ្នាក់ជាតិ តាមរយៈការជួបគ្នាផ្ទាល់ឡើងវិញនៅឯមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ឲ្យកាន់តែមានវិសាលភាព និងការចូលរួមកាន់តែទូលំទូលាយថែមទៀត៕