កម្ពុជា-វៀតណាម សម្ពោធបើកដំណើរការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ(ខេត្តរតនគិរី) ឡេថាញ់(ខេត្តយ៉ាឡាយ)


នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរប្រទេសកម្ពុជា និងប្រទេសវៀតណាម បានរៀបចំពិធីសម្ពោធបើកដំណើរការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ(ខេត្តរតនគិរី)-ឡេថាញ់(ខេត្តយ៉ាឡាយ)។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្របពេលដែលប្រជាជន និងប្រទេសទាំងពីរ ប្រារព្ធពិធីអបអរសាទរខួបលើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា អនុវត្តតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៩៨ និងពិធីសារដឹកជញ្ជូនផ្លូវគោករវាងប្រទេសកម្ពុជា និងវៀតណាម ឆ្នាំ២០០៥ ភាគីប្រទេសទាំងពីរ បានអនុញ្ញាតឲ្យយានយន្តផ្លូវគោកចំនួន៥០០ គ្រឿង មកពីប្រទេសនីមួយៗ ធ្វើប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលក្នុងពិធីសារនេះ មានច្រកទ្វារអន្តរជាតិចំនួន ០៧ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ ហើយនេះជាច្រកទ្វារអន្តរជាតិទី០៦ ហើយ ដែលសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យសេដ្ឋកិច្ច តម្រូវការនៃការដឹកជញ្ជូនទំនិញ និងអ្នកទេសចរណ៍ឆ្លងកាត់ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕