សម្តេច ក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទ « វគ្គបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវៈនគរបាលលើកទី២ និង ប្រកាសតាំងស៊ុប ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា


នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជា អធិបតីភាព ក្នុង ពិធីបិទ « វគ្គបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវៈ នគរបាល​ »​ លើកទី២ និង ប្រកាសតាំងស៊ុប ក្នុង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាដល់សិស្សនាយនគរបាល នាយនគរបាលរង ដែលជ្រើសរើស ថ្មី សម្រាប់ឆ្នាំ២០១៦ កន្លងទៅ ។

នាយឧត្តមសេនីយ៍បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា នៅក្នុង ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានជ្រើសរើសមន្រ្តីនគរបាលជាតិ ក្នុងក្របខណ្ឌថ្មីគឺចំនួន ៤៥៣៦នាក់ តាមការប្រឡងប្រជែង ហើយបេក្ខជន ដែលប្រឡងជាប់ត្រូវឆ្លងកាត់ វគ្គបណ្តុះបណ្តាល កំរិតបឋម វិជ្ជាជីវៈនគរបាលរយះពេល ៧៥ថ្ងៃ មុននឹងប្រកាសតាំងស៊ុបក្នុងក្របខ័ណ្ឌនគរបាលជាតិ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរ សើរចំពោះកិច្ចខិតខំប្រឹងប្រែង និងទទួលខុសត្រូវរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាយកដ្ឋាន បុគ្គលិក និងបណ្តារអង្គភាពពាក់ព័ន្ធទាំងអស់។ សម្តេចបានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបាននូវ គោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដោយយោងតាមស្ថាន ភាពក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មិនទាន់គ្រប់គ្រាន់ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលថ្មី បំពេញបន្ថែម និងបន្តវេន ដើម្បីធានាបាននូវនិរន្តរភាព នៃរដ្ឋ បាលសាធារណៈ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនសង្គមជាតិ។

សម្តេចក្រឡាហោម ក៏បានគាំទ្រផងដែរ ដល់វិធានការពង្រឹង ក្នុងការបណ្តុះបណ្តាលរបស់បណ្ឌិត្យ សភានគរបាលកម្ពុជា ក្នុងការទទួលបានមន្ត្រី ដែលមានសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារ។