សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្ត វៀតណាម


នៅវិមានសន្តិភាព រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម។
លោក ង្វៀន ហ៊្វូជុង បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងវៀតណាម ដែលគិតមកដល់ពេលនេះ មានរយៈពេល៥០ឆ្នាំមកហើយ។ ក្នុងរយៈពេលនេះប្រទេសទាំងពីរបានឆ្លងកាត់ការតស៊ូ និងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីស្វែងរកសន្តិភាព និង ស្ថេរភាព ដែលជាកត្តាចលករក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជាអោយមានការរីកចម្រើនមកទល់ពេលនេះ។ ទន្ទឹមនេះដែរ លោក ង្វៀន ហ៊្វូជុង បាន ស្នើសុំអោយប្រទេសទាំងពីរជម្រុញការតភ្ជាប់អោយកាន់តែស៊ីជម្រៅតាមរយៈស្ថាប័នរដ្ឋ វិស័យអប់រំ យុវជន និងវិស័យសេដ្ឋកិច្ចជាដើម គឺធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីអោយកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២៥ខាងមុខ។
នៅក្នុងជំនូបនេះដែរ លោក ង្វៀន ហ៊្វូជុង ក៏បានសម្តែងការអបអរសាទរចំពោះលទ្ធផលជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ កន្លងមក នេះ។ នៅក្នុងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនេះ លោក ង្វៀន ហ៊្វូជុង បានជំរាបជូនសម្តេចតេជោថា រដ្ឋាភិបាលវៀតណាម បានសម្រេចផ្តល់ជំនួយជាថវិកាចំនួន២៥លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់អគារអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយថវិកានេះថា គឺជាចំណងដៃដ៏ធំមួយ សម្រាប់ពង្រឹងនីតិរដ្ឋរបស់កម្ពុជា។ បន្ថែមពីនេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានគាំទ្រចំពោះការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក របស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំដល់ភាគីវៀតណាម ជួយជម្រុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជាកាន់តែច្រើន និងជម្រុញអោយមានកិច្ចសហការគ្នារវាង ស្ថាប័ន និងអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់រាល់អំពើរឧក្រិដ្ឋឆ្លងដែននានា ដែលអាចនឹងកើតមានឡើងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន និង លោក ង្វៀន ហ៊្វូជុង បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសាររវាងប្រទេសកម្ពុជា និងវៀតណាម មានដូចជា៖ ១) សេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសវៀតណាម ឯ.ឧ. ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ និង រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯ.ឧ. ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ២.) ក្របខ័ណ្ឌកិច្ចព្រមព្រៀងរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការតភ្ជាប់ សេដ្ឋកិច្ចកម្ពុជា -វៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ ឯ.ឧ. ង្វៀន ជីយ៉ុង និង រដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា ឯ.ឧ. ទេសរដ្ឋមន្ត្រី ឆាយ ថន។ ៣) អនុស្សារណៈនៃការ យោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្តាញបញ្ជូន អគ្គិសនី និងពាណិជ្ជកម្មថាមពលដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម ឯ.ឧ ត្រាន់ តួនអាញ់ និង រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯ.ឧ. ស៊ុយ សែម ។ ៤). សកម្ម ភាពសង្គ្រោះគ្រោះមហន្តរាយអចិន្រៃ្តយ៍នៅតាមតំបន់ព្រំដែនគោក ដែលចុះហត្ថលេខាដោយ អនុរដ្ឋ មន្ត្រីក្រសួងការពារជាតិវៀតណាម ឯ.ឧ. ង្វៀន ជីវិញ និង រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ឯ.ឧ. នាង ផាត ៥) អនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន ( NIPTICT)នៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា ជាមួយក្រុម ហ៊ុនវៀតធែលកម្ពុជា ភីធីអ៊ី អ៊ិលធីឌី ( VIETTEL Cambodia PTE.,LTD) ដែលចុះហត្ថលេខាដោយ អគ្គនាយកក្រុមហ៊ុនវៀតធែលកម្ពុជា លោក ង្វៀន ថាញ់ញឿង និង ប្រធានវិទ្យាស្ថានប្រៃសណីយ៍ ឯ.ឧ. សេង សុភាព ។
កាលពីរសៀលថ្ងៃដដែលនេះ លោក ង្វៀន ហ៊្វូជុង បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ឋបុព្វបុរសខ្មែរ នៅវិមានឯករាជ្យ ព្រមទាំងបានចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
នៅល្ងាចថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត នឹងអញ្ជើញដង្ហែរព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លៀងសាយភោជន៍ជូនគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅព្រះបរមរាជវាំង ផងដែរ៕