ក្រសួងសុខាភិបាលដាស់តឿនក្រមសីលធម៌ ៥ចំណុច ដល់គ្រូពេទ្យ


     ក្រសួង​សុខា​ភិបាល​បាន​ចេញ​លិខិត​ ដាស់​តឿន​ក្រម​សីលធម៌​ ៥​ចំណុច ​ដល់​គ្រូ​ពេទ្យ​នៅ​តាម​បណ្តា​អង្គ​ភាព​នានា​ ក្នុង​ស្ថាន​ការណ៍​ដែល​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំនួន​ នៅ​តែ​រង​ការ​ចោទ​ប្រកាន់​ទង្វើ​អ​សីលធម៌​ ។ លិខិត​ដាស់​តឿន​ក្រម​សីលធម៌​នេះ បាន​ចុះ​ហត្ថ​លេខា​ដោយ ​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ​ម៉ម ប៊ុនហេង កាល​ពី​ថ្ងៃ​ទី​ ៧​មីនា​ ។

លិខិត​បញ្ជា​៥​ចំណុច​រួម​មានៈ

     ទី១- ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំរើ​សេវា​ជូន​អតិថិជន គោរព​វិជ្ជា​ជីវ: ក្រម​សីលធម៌​ថ្លៃ​ថ្នូរ មិន​គិត​លុយ​ជា​ធំ សម្តី​ទន់​ភ្លន់ អាកប្ប​កិរិយា​សមរម្យ និង​ជា​ពិសេស​អ្នក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ត្រូវ​សង្រ្គោះ​ជា​បន្ទាន់​សិន និង​ត្រូវ​បំពេញ​សំណុំ​បែប​បទ​តាម​ក្រោយ ។

     ទី​២- ចេញ​វេជ្ជ​បញ្ជា​ស្រប​តាម​ក្បូន​ខ្នាត ហាម​សរសេរ​អក្សរ​កាត់ សរសេរ​ខ្ជី​ខ្ជា អាន​មិន​បាន​… ត្រូវ​ប្រើ​ភាសា​ខ្មែរ​ជា​ជំនួយ​ សម្រាប់​អ្នក​ប្រើ​ប្រាស់​ងាយ​យល់​ និង​ប្រតិបត្តិ​តាម​វេជ្ជ​បញ្ជា ។

     ទី៣- ចេញ​វេជ្ជ​បញ្ជា​ថ្នាំ​ចាក់ មាន​ហេតុ​ផល​ត្រឹម​ត្រូវ និង​អនុវត្ត​គោល​ការណ៍​ការ​ចាក់​ថ្នាំ​មាន​សុវត្តិភាព ។

     ទី​៤- វេច​ខ្ចប់​ថ្នាំ ឬ​ឱសថ ត្រូវ​រក្សា​ភាព​ដើម ទម្រង់​ដើម ហាម​លុប​ស្លាក​សញ្ញា​ឈ្មោះ និង​ថ្ងៃ​ខែ​ផុត​កំណត់​ចោល​ ។

     ​ទី​៥- គ្លីនិក ឬ​មូល​ដ្ឋាន​សុខា​ភិបាល​ណា​ដែល​មាន​អ្នក​ជំងឺ​សម្រាក​ព្យាបាល ត្រូវ​មាន​ឯកសារ​អ្នក​ជំងឺ​ត្រឹម​ត្រូវ​តាម​ក្បួន​បច្ចេក​ទេស និង​ថែ​រក្សា​ឲ្យ​បាន​ល្អ ត្រៀម​លក្ខណៈ​ជា​និច្ច ធា​នា​យក​មក​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ឡើង​វិញ​បាន​ ។

     លិខិត​ដាស់​តឿន​បាន​ព្រមាន​ថា​ ក្រសួង​នឹង​មាន​វិធាន​ការ​ត្រួត​ពិនិត្យ​ និង​អនុវត្ត​វិន័យ​តាម​ច្បាប់​ជា​ធរ​មាន ប្រសិន​បើ​ឃើញ​មាន​មន្ត្រី​សុខា​ភិបាល​ណា​ ប្រ​ព្រឹត្ត​ល្មើស​ខ្ជី​ខ្ជា​រ បណ្តាល​អោយ​មាន​ផល​វិបាក​ប៉ះ​ពាល់​ដល់​អ្នក​ជម្ងឺ​ ។