ក្រសួងការបរទេស បញ្ជាក់ពីមូលហេតុ ដកហូតលិខិតឆ្លងដែនផ្លូវការ


     ក្រសួង​ការ​បរ​ទេស​ បាន​បញ្ជាក់​មូល​ហេតុ​ដែល​ស្នើ​ក្រសួង​មហា​ផ្ទៃ​ ដក​ហូត​បណ្តោះ​អាសន្ន​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​ ពី​មន្ត្រី​ដែល​បាន​បញ្ចប់​បេសក​កម្ម​ ។

     សូម​ជម្រាប​ថា​ លិខិត​ឆ្លង​ដែន​ផ្លូវ​ការ គឺ​ជា​លិខិត​ឆ្លង​ដែន​មួយ​ ដែល​សម្រាប់​តែ​មន្ត្រី​ចេញ​បេសក​កម្ម​ផ្លូវ​ការ​ ឬ​ចូល​រួម​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស​ ។ ប្រជា​ជន​សាមញ្ញ​ធម្មតា មិន​អាច​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​នោះ​បាន​ទេ​… ប៉ុន្តែ​ថ្មី​នេះ ក្រសួង​ការ​បរទេស​បាន​អោយ​ដឹង​ថា មាន​ពលករ​ខ្មែរ​ត្រូវ​គេ​ឃើញ​បាន​កាន់​ដោយ​ខុស​ច្បាប់​ នូវ​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​នោះ​ ។ ការ​កាន់​ដោយ​ខុស​ច្បាប់​នោះ បាន​នាំ​ឱ្យ​មាន​ការ​តវ៉ា​​មក​ក្រសួង​ការ​បរទេស​កម្ពុជា​ ។

     ក្រសួង​ការ​បរទេស​​កម្ពុជាបានឱ្យ​ដឹង​ថា​ ដើម្បី​ការពារ​កិត្តិយស​ជាតិ​ និង​កិត្យា​នុភាព​ជាតិ​ និង​តម្លៃ​នៃ​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ ​​ក្រសួង​ការ​បរ​ទេស​ទើប​បាន​ស្នើ​រក​ការ​សម្រេច​ដ៏​ខ្ពង់​ខ្ពស់​ពី​ប្រមុខ​រាជ​រដ្ឋា​ភិបាល ដើម្បី​រក្សា​ទុក​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​ទាំង​នោះ​ ។

     គួរ​រំលឹក​ថា​ កន្លង​មក​ មន្ត្រី​រាជ​ការ​តាម​ស្ថាប័ន​នានា​ ដែល​ត្រូវ​ចេញ​ទៅ​បំពេញ​បេសក​កម្ម​ផ្លូវ​ការ​ ឬ​ចូល​រួម​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស ក្រសួង​ការ​បរ​ទេស​ដែល​ផ្អែក​លើ​សំណុំ​សុំ​របស់​ស្ថាប័ន​ទាំង​នោះ តែង​ផ្តល់​នូវ​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​នេះ ដោយ​ពុំ​មាន​ការ​តម្រូវ​អោយ​បង់​ប្រាក់​នោះ​ទេ ​។

     សូម​ជំរាប​ថា​ បច្ចុប្បន្ន​កម្ពុជា​មាន​លិខិត​ឆ្លង​ដែន ​៣​ប្រភេទ គឺ​លិខិត​ឆ្លង​ដែន​ធម្មតា​របស់​ពលរដ្ឋ​សាមញ្ញ​ពណ៌​ក្រហម​ឈាម​ជ្រូក​… លិខិត​ឆ្លង​ដែន​ផ្លូវ​ការ​ពណ៌​ត្រួយ​ចេក​… និង​លិខិត​ឆ្លង​ដែន​ការ​ទូត មាន​ពណ​ទឹក​ប៊ិច​ ។