ឯកឧត្តម លឹម គានហោ អញ្ជើញបន្តដំណើរចុះទៅកាន់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពទឹកជំនន់អាងទឹកតាម៉ុក


រសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបន្តដំណើរចុះទៅកាន់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពទឹកជំនន់អាងទឹកតាម៉ុក ។

គួររំលឹកផងដែរថា ភ្លៀងដែលបានធ្លាក់ច្រើនជាប់ៗគ្នា បានបង្កឱ្យទឹកក្នុងអាងទឹកតាម៉ុក ហក់ឡើងជិតដល់កំរិតប្រកាសឱ្យប្រុងប្រយ័ត្ន ។ ក្នុងពេលកន្លងមក នៅពេលដែលទឹកក្នុងអាងតាម៉ុកជន់ឡើងម្តងៗ ទឹកតែងតែហូរពីលើស្ពាន បង្កការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ។ ប៉ុន្តែបន្ទាប់ពីទំនប់បង្ហៀរត្រូវបានក្រសួងធនធានទឹក និងឧតុនិយម សាងសង់ឡើងវិញរួចរាល់ យើងពិនិត្យឃើញថា សមត្ថភាពនៃការដោះទឹកជំនន់ចេញពីអាង គឺបានលឿនជាងមុន ហើយក៏ពុំមានការជន់ហូរលើស្ពានដូចពេលមុនទៀតទេ ។ បើទោះបីជាសមត្ថភាពដោះទឹកនៅផ្នែកខាងលើបានលឿនជាងមុនយ៉ាងណាក្តី ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យអ្នកបច្ចេកទេស រៀបចំបោសសំអាតផ្លូវទឹកនៅផ្នែកខាងក្រោម ដើម្បីឱ្យការដោះទឹកបានកាន់តែឆាប់រហ័ស ជៀសវាងការលិចលង់នៅផ្នែកខាងលើ ៕