សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរំលាយចោលកិច្ចសន្យាគ្រប់បុរីទាំងអស់ ដែលផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងអ៉ិនធឺណិត ចាប់ពីថ្ងៃស្អែកតទៅ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលទាំងអស់ នូវកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដែលគ្រប់បុរីទាំងអស់ ដែលបានផ្តល់ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា Internet ព្រោះបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋប្រើប្រាស់ ដោយសារគ្មានការប្រកួតប្រជែងរវាងប្រតិបត្តិករ។ នេះបើតាមការថ្លែងឲ្យដឹងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងយ៉ាងដូច្នេះថា «មុនខ្ញុំមកទីនេះ សម្តេចតេជោបានបញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អ៉ីធឺណិតក្នុងបុរី លុបចោលទាំងអស់ អត់មានឲ្យទៀតទេ។ សូមឲ្យប្រតិបត្តិករទាំងយល់ដឹង និងសូមឲ្យនិយ័តករទូរគមនាគមន៍ អនុវត្តប្រសាសន៍របស់ម្តេចតេជោ អត់មានត្រូវឲ្យផ្តាច់មុខទៀត ប្រតិបត្តិករត្រូវចូលប៉ុន្មានចូលទៅ»

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ក្រោយទទួលប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ក្រសួង និងនិយ័តករទូរគមនាគមន៍ គឺត្រូវតែរំលាយចោលនូវរាល់ភាពផ្តាច់មុខទាំងអស់ អត់មាននរណាមួយមានសិទ្ធិផ្តាច់មុខក្នុងការរកស៊ី ក្នុងបុរីតទៅទៀតទេ ហើយការអនុវត្តន៍ចាប់ពីថ្ងៃស្អែកនេះតទៅ»

បើតាមឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្រុមការងាររបស់ក្រសួងបានធ្វើការចុះស្រង់ទិន្នន័យតាមបុរីជាង ១០០បុរីក្នុងរាជធានីភ្នំពេញ ដែលមានបុរីខ្លះផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ឺធឺណិត ដែលនាំឲ្យអ្នកប្រើប្រាស់មានការលំបាក ក្នុងការប្រើប្រាស់ ពោះគ្មានជំរើស។ ជាមួយគ្នានេះ ក្រុមការងាររបស់ក្រសួង បានចុះធ្វើការតេស្តសេវាទូរស័ព្ទ នៅក្នុងបុរីបានចំនួន៦០បុរីរួចហើយ នៅតែចំនួន៤០បុរីទៀតប៉ុណ្ណោះ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាសេវាទូរស័ព្ទ និងអ៉ីធឺណិតនៅតាមបុរី ក្រសួងបានសម្រេចជ្រើសរើសយកបុរី ប៉េងហួត ជាគំរូមុនគេ បន្ទាប់មកទើបដោះស្រាយបុរីផ្សេងៗទៀត៕