អភិបាលរងខេត្តកំពង់ធំ ជំរុញឱ្យប្រជាពលរដ្ឋចូលរួមបន្តសកម្មភាពពីអង្គការទស្សនៈពិភពលោក ក្នុងបេសកម្មរួមចំណែកអភិវឌ្ឍន៍ស្រុកស្ទោង


(កំពង់ធំ)៖ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានស្នើឲ្យប្រជាពលរដ្ឋចូលរួមបន្តសកម្មភាពជាប្រចាំ ក្នុងបេសកម្មរួមចំណែកអភិវឌ្ឍន៍ស្រុកស្ទោង ឱ្យកាន់តែ ល្អប្រសើរឡើងថែមទៀត បន្ទាប់ពីអង្គការទស្សនៈពិភពលោក បានបំពេញបេសកកម្ម១៦ឆ្នាំ ក្នុងការអភិវឌ្ឍតំបន់នេះលើផ្នែកសុខភាព អាហារូបត្ថម្ភ ក៏ដូចជាការអប់រំ និងកិច្ចការពារកុមារ ដែលនឹងត្រូវបញ្ចប់នៅខែកញ្ញានេះ។

ឯកឧត្តម ព្រឹម រដ្ឋា បានថ្លែងដូចនេះនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កម្មវិធីអភិវឌ្ឍន៍តំបន់ប្រចាំស្រុកស្ទោងរបស់ អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ដែលបានរៀបចំឡើងនៅសាលាស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម ព្រឹម រដ្ឋា បានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ ពិតជាមានសេចក្តីសោមនស្សជាអនេកសម្រាប់វត្តមានដ៏យូរអង្វែង របស់អង្គការទស្សនពិភពលោក ដែលបាន ជួយអភិវឌ្ឍសហគមន៍ស្រុកស្ទោង ជាពិសេសក្នុងឃុំគោលដៅទាំង៣ និងប្រជាជនដែលបានទទួលផលពីគម្រោងគណនេយ្យភាពសង្គមផងដែរ។ មន្ទីរការិយាល័យ ជំនាញដែលពាក់ព័ន្ធទាំងអស់នឹងថែរក្សាសមិទ្ធផល និងទទួលខុសត្រូវបន្តការងារអភិវឌ្ឍបន្តផងដែរ។

ឯកឧត្តមបន្តថា តាមរយៈភាពជាដៃគូជាមួយអាជ្ញាធរមូលដ្ឋានអង្គការទស្សនៈពិភពលោក បានខិតខំយកចិត្តទុកដាក់ក្នុងស្រុកស្ទោង ជាពិសេសក្នុងឃុំ៣ មានឃុំបន្ទាយ ស្ទោង ឃុំចំណាលើ និងឃុំទ្រា ដែលមាន២៧ភូមិ មានការរីកចម្រើនច្រើន ជាពិសេសលើវិស័យ សុខភាព អាហារូបត្ថម្ភ ការអប់រំ និងកិច្ចការពារកុមារ និងវិស័យផ្សេង ជាច្រើនទៀត និងអរគុណដល់អង្គការទស្សនៈពិភពលោក ដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ក្នុងស្រុកស្ទោង និងមានការផ្លាស់ប្រែជាពិសេសការអានរបស់កុមារ មានភាពប្រសើរចំណែកសាលារៀន មានភាពស្រស់ស្អាត ជាទីមេត្រីសម្រាប់កុមារ និងអនាម័យរបស់សិស្សក៏មានភាពប្រសើរឡើង។

ស្របជាមួយគ្នានេះដែរ មានសមិទ្ធិផលសំខាន់ផ្សេងទៀតដូចជា៖ ជុំរំអំណានចំនួន៣០ត្រូវបានបង្កើតឡើង ដែលមានកុមារលើសពី ១ ០០០នាក់ចូលរួមព្រមទាំង បណ្ណាល័យចំនួន១៥ បានកែលម្អរ និងជាប់ស្តង់ដា និងមានផលដល់សិស្សានុសិស្សកម្រិតបឋមសិក្សាជាង ២ ៦០០នាក់។ លើសពីនេះទៅទៀត ក្រុមសន្សំសហគមន៍ ចំនួន២២ និងសហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន២ ត្រូវបានបង្កើតដើម្បីបន្តវេនលើកស្ទួយសុខុមាលភាពកុមារ និងកុមារងាយរងគ្រោះ។

ឯកឧត្តម ព្រឹម រដ្ឋា បានបន្ថែមថា តាមការស្ទង់មតិក្នុងឆ្នាំ២០២១ ៨០ភាគរយនៃកុមារ និងក្មេងជំទង់មានអារម្មណ៍ថា មានសុវត្ថិភាព និងទទួលបានការពារពីការរំលោភ បំពាន។ ជាង ៩៨% នៃទារកដែលកើតមកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសម្រាលដោយឆ្មបជំនាញ និងគ្រប់២៧ភូមិគោលដៅ បានក្លាយជាភូមិ គ្មានការបន្ទោរបង់ ពាសវាលពាសកាល និងមានអនាម័យល្អ។

លោក អាន លីហ័ន ប្រធានអង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ប្រចាំខេត្តកំពង់ធំ បានលើកឡើងថា ដោយមើលឃើញពីសេចក្តីត្រូវការរបស់ប្រជាជន ជាពិសេសកុមារនៅតំបន់ស្រុកស្ទោង ខេត្តកំពង់ធំ អង្គការទស្សនៈពិភពលោក បានបំពេញបេសកកម្ម១៦ឆ្នាំ ក្នុងការអភិវឌ្ឍតំបន់នេះលើផ្នែកសុខភាព អាហារូបត្ថម្ភ ក៏ដូចជាការអប់រំ និងកិច្ចការពារកុមារ បានផ្តល់ផលដល់ប្រជាជនសរុបចំនួនជាង ៧៥ ០០០នាក់ ហើយអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បានចាប់ផ្តើមការងារ និងកិច្ចប្រតិបត្តិការកម្មវិធីអភិវឌ្ឍន៍តំបន់ប្រចាំស្រុកស្ទោង ក្នុងឆ្នាំ២០០៦ ហើយកម្មវិធីអភិវឌ្ឍន៍តំបន់ប្រចាំស្រុកស្ទោង នឹងត្រូវបានបញ្ចប់នៅខែកញ្ញានេះ។

ជាលទ្ធផលប្រជាជនទទួលផលមានសរុបជាង ៧៥ ០០០នាក់ ក្នុងនេះមានកុមារ និងកុមារងាយរងគ្រោះសរុបចំនួនជាង ២៦ ០០០នាក់ រួមទាំងកុមារីជាង១៣ ០០០នាក់។
ក្នុងបេសកម្មរួមចំណែកអភិវឌ្ឍស្រុកស្ទោង អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បានចំណាយថវិកាជិត ៦លានដុល្លារអាមេរិក ដែលទទួលបានពីប្រជាជន នូវែលហ្សេឡង់ តាមរយៈអង្គការទស្សនៈពិភពលោកអន្តរជាតិអូនូវែលហ្សេឡង់ និងពីគម្រោងផ្សេងៗទៀតផងដែរ៕