សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនចម្រាញ់ស្ករស និងជីវៈអេតាណុល ជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក កសាក់ ឆៃរ៉ាមីសាក់ ប្រធានប្រតិបត្តិក្រុមហ៊ុន CPALL និងលោក ផាផាន ស៊ីរីវីរីយ៉ាគុល ប្រធានក្រុមហ៊ុន KTIS ដែលជាក្រុមហ៊ុនចម្រាញ់ស្ករស និងជីវៈអេតាណុល ចូលជួបសម្តែងការគួរសម។

ការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជា គឺកិច្ចការដ៏អាទិភាព និងចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំច្បាប់វិនិយោគថ្មី ដែលផ្តល់ការអនុគ្រោះ និងមានការលើកទឹកចិត្តច្រើនសម្រាប់អ្នកវិនិយោគបរទេសចូលមកវិនិយោគនៅកម្ពុជា។

ការវិនិយោគពីបរទេសមិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ តែតាមរយៈការវិនិយោគនេះបានផ្តល់ការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរផងដែរ។

សម្តេចតេជោ ហ៊ុន សែន មិនថាតែបំពេញការងារនៅក្រៅប្រទេស ឬនៅក្នុងប្រទេសនោះទេ តែងផ្តល់ឱកាសពិសេសជួបជាមួយអ្នកវិនិយោគនានាបានជួបសម្តែងការគួរសម ផ្តល់អនុសាសន៍ និងលើកទឹកចិត្តពួកគេឱ្យវិនិយោគនៅកម្ពុជា។ ការជួបតំណាងក្រុមហ៊ុនទាំងពីរនាពេលនេះ គឺជាការស្តែងឱ្យឃើញនូវកាយវិការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន លើការងារវិនិយោគ ដែលជាដង្ហើមដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ៕