ប្រធានគណកម្មការជាតិទប់ស្កាត់បទល្មើសព្រៃឈើ នាយឧត្តមសេនីយ៍ សៅ សុខា បានស្ថិតក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះ នៅថ្ងៃទី៩ ខែមិនានេះ ក្នុងការជម្រុញការប្រមូលឈើកាប់ទាំងឡាយ ដាក់ក្នុងកន្លែងមានសុវត្ថិភាព និងត្រួតពិនិត្យបានត្រឹមត្រូវ ។
គួររំលឹកថា ឈើដេករណូករណែលពាសពេញព្រៃ ត្រូវបានគណៈកម្មការបានប្រទះ ឃើញពេលចុះធ្វើយុទ្ធនាការបង្ក្រាបកន្លងមកនេះ ។ ខេត្តមួយចំនួនដូចជាខេត្តមណ្ឌលគីរី និងខេត្តក្រចេះ មានសេចក្តីត្អូញត្អែរអំពីឧបសគ្គប្រឈម ក្នុងការប្រមូលឈើដែលរាយប៉ាយក្នុងព្រៃ ដាក់ក្នុងកន្លែងមានសុវត្ថិភាព ។
មន្ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ អេង ហ៊ី បានមានប្រសាសន៍ថា នាយឧត្តមសេនីយ៍ សៅ សុខា កាលពីម្សិលមិញបានធ្វើដំណើរចុះទៅពិនិត្យឈើក្នុងក្រុមហ៊ុនយូនីហ្គ្រីន… ក្រុមហ៊ុនខេសាន់… ក្រុមហ៊ុនដាយ ថាន់ និងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ… និងនៅថ្ងៃទី៩ ខែមិនានេះ នាយឧត្តមសេនីយ៍ នៅបន្តការចុះពិនិត្យក្រុមហ៊ុនមួយចំនួនទៀត ក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ដើម្បីដោះស្រាយឧបសគ្គក្នុងការប្រមូលឈើទុកក្នុងកន្លែងមានសុវត្ថិភាព ។
គួររំលឹកថា មានឈើជាច្រើនដែលមិនទាន់បានប្រមូលដាក់ក្នុងកន្លែងមានសុវត្ថិភាព បានរងនឹងការឆេះដោយមិនដឹងមូលហេតុ ថាបណ្តាលមកពីអ្វីនៅឡើយនោះទេ ។ ឈើដែលបានឆេះក្នុងក្រុមហ៊ុនយូនីហ្គ្រីន ច្រើនពាន់ដើមកន្លងមកនេះ គឺជាឈើដែលបានវាស់វែងរួចមកហើយ ប៉ុន្តែបានរងការឆេះចំនួនថ្ងៃជាប់គ្នា ដោយមិនដឹងមូលហេតុ ។
ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នាយឧត្តមសេនីយ៍ សៅ សុខា បានចុះត្រួតពិនិត្យកន្លែងឈើដែលបានឆេះ និងបញ្ជាឱ្យប្រមួលឈើនៅរាយប៉ាយសេសសល់ទាំងឡាយ យកទៅដាក់នៅទីសុវត្ថិភាព និងពិនិត្យចំនួនឱ្យបានត្រឹមត្រូវ ទាំងឈើមានលក្ខណៈស្របច្បាប់ និងឈើដែលមិនទាន់ស្របច្បាប់ ដើម្បីការចាត់វិធានការតាមនិតិវិធី ។
នៅថ្ងៃទី៩ ខែមិនានេះ នាយឧត្តមសេនីយ៍ បានចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើ នៅក្រុមហ៊ុនប៊ិញហ្វឿក១ …ក្រុមហ៊ុនដាយណាម និងក្រុមហ៊ុនឆាយណាឌីណាម៉ិច ។ សេចក្តីរាយការណ៍បានអោយដឹងថា ក្នុងដំណើរចុះត្រួតពិនិត្យឈើនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានស្នើមន្ត្រីព្រៃឈើ… មន្ត្រីបរិស្ថាន សហការជាមួយនឹងព្រះរាជអាជ្ញា អនុវត្តនិតិវិធីដាក់ពាក្យបណ្តឹងទៅតុលាការ ចំពោះអំពើពាក់ព័ន្ធបទល្មើសព្រៃឈើខុសច្បាប់ ។