សិក្ខាសាលាប្រមូលមតិ លើសេចក្តីប្រាងច្បាប់សហជីព


Draft Law 10 03 16 2 copy

     គណៈ​កម្មការ​ចំពោះ​កិច្ច​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​នៅ​ថ្ងៃ​ទី​៩​ ខែ​មីនា​នេះ ក្នុង​ការ​ប្រមូល​គំនិត​គាំទ្រ​នានា​ ពី​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ និង​សហ​ជីព​នានា​ នៅ​មុន​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​ នឹង​ត្រូវ​ដាក់​ដេញ​ដោល​ក្នុង​រដ្ឋសភា​ ។

     សិក្ខា​សាលា​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​រដ្ឋ​សភា ​ក្រោម​អធិបតី​ភាព ​សម្តេច​​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ។ សិក្ខា​សាលា​អំពី​ការ​ប្រមូល​គំនិត​គាំទ្រ​លើ​សេចក្តី​ព្រាង​ និង​ការ​ជជែក​គ្នា​ដើម្បី​ផ្តល់​គំនិត​នេះ មិន​មែន​ជា​លើក​ទី​១ ​នោះ​ទេ ចាប់​តាំង​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ បាន​អនុម័ត​ដោយ​គណៈ​រដ្ឋ​មន្ត្រី​ប្រមាណ​ ៤​ខែ​មក​នេះ​ ។ សិក្ខា​សាលា​រក​ការ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នៅ​ថ្ងៃ​នេះ​ មាន​ការ​ចូល​រួម​ពី​សមាជិក​ព្រឹទ្ធ​សភា​… ពី​សមាជិក​រដ្ឋ​សភា​… ពី​ក្រសួង​ការងារ​… ពី​តំណាង​រាជ​រដ្ឋា​ភិបាល​… ពី​តំណាង​ដៃ​គូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរ​ជាតិ​ និង​មន្ត្រី​នានា​ពាក់​ព័ន្ធ​ឯ​ទៀត​ ។

     សិក្ខា​សាលា​ព្រឹក​មិញ​នេះ ត្រូវ​គេ​ឃើញ​មាន​ការ​ផ្តល់​ជា​យោបល់​ដើម្បី​ជា​អនុ​សាសន៍​ ទាក់​ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​សហ​ជីព​ ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស់​នេះ​ផង​ដែរ​ ។ សេចក្តី​ព្រាង​ច្បាប់​សហ​ជីព ដែល​មាន ១៧​ជំពូក និង​ ១០០​មាត្រា ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រី​អនុ​ម័ត​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៥ រួច​មក​ហើយ ប៉ុន្តែ​ ភាព​ចម្រូង​ចម្រាស់ បាន​ធ្វើ​ឱ្យ​មាន​ការ​ពន្យា​ការ​ដេញ​ដោល​អនុម័ត​ក្នុង​រដ្ឋ​សភា​ ។ ក្នុង​ចំណុច​ធំៗ​មួយ​ចំនួន មាន​ក្រុម​សហ​ជីព​ខ្លះ បាន​ប្រឆាំង​នឹង​ការ​ពិនិត្យ​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ ប្រចាំ​ឆ្នាំ​របស់​អង្គ​ការ​នី​មួយ​ៗ ដែល​ជា​តម្លា​ភាព​តែ​មួយ​គត់ ​នៃ​ការ​ត្រួត​ពិនិត្យ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ ឬ​ប្រឆាំង​មូល​និធិ​ក្រុម​ភេរវ​កម្ម​ ។ ចំណុច​តវ៉ា​ដទៃ​ទៀត ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​លក្ខ​ខណ្ឌ ធ្វើ​កូដ​កម្ម​ផង​ដែរ ​។

     សិក្ខា​​នេះ មិន​មាន​ការ​ខ្វែង​គំនិត​គ្នា​ណា​មួយ​គួរ​អោយ​កត់​សម្គាល់​នោះ​ទេ ប៉ុន្តែ​នៅ​ក្រៅ​បរិវេណ​រដ្ឋ​សភា​នោះ​វិញ គ្រា​ដែល​សិក្ខា​សាលា​កំពុង​ជម្រុញ​សេចក្តី​ព្រាង​ច្បាប់​សហ​ជីព​ ដើម្បី​ដាក់​អោយ​រដ្ឋ​សភា​អនុម័ត​នោះ មាន​មនុស្ស​មួយ​ចំនួន បាន​ជួប​ជុំ​គ្នា​នៅ​ក្រៅ​បរិវេណ​សភា​តវ៉ា​ឱ្យ​​ពន្យា​ការ​ពិភាក្សា​ ដើម្បី​ទទួល​សំណើ​ពួក​គេ​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​សហ​ជីព​ ។

Draft Law 10 03 16 3 copy  Draft Law 10 03 16 4 copy

Draft Law 10 03 16 5 copy  Draft Law 10 03 16 6 copy

Draft Law 10 03 16 7 copy  Draft Law 10 03 16 8 copy