ឯកឧត្តម លឹម គានហោ ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការដ្ឋានសាងសង់ទំនប់ពហុបំណងបាត់ដំបង


ព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការដ្ឋានសាងសង់ទំនប់ពហុបំណងបាត់ដំបង (សេកសក) ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ មកទល់ពេលនេះ ក្រុមហ៊ុន Guangdong Foreign Construction សម្រេចការសាងសង់បានជាង ៩០% ហើយ ។
គោលបំណងនៃការចុះពិនិត្យការដ្ឋានរបស់ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ នាពេលនេះ គឺដើម្បី ៖
១. ពិនិត្យសង្វាក់តួប៊ីនដែលផលិតថាមពលវារីអគ្គីសនី ឃើញថាមានដំណើរការល្អ តាមបទដ្ឋានបច្ចេកទេស និងអាចផលិតថាមពលបានគ្រប់គ្រាន់តាមគម្រោងដែលបានគ្រោងទុក ។
២. ពិនិត្យលើសមត្ថភាពស្តុកទឹករបស់អាង ៖ តំណាងក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ដោយសារការដ្ឋានកំពុងដំណើរការសាងសង់ ដូចនេះការស្តុកទឹកមិនទាន់ឈានទៅដល់កំរិតដែលបានគ្រោងទុកនៅឡើយ ប៉ុន្តែ ក្រោយពេលការដ្ឋានបានបញ្ចប់ជាស្ថាពរ នោះការស្តុកទឹកនឹងឈានទៅដល់កំរិតដែលបានគ្រោងទុក ៕