កម្ពុជានឹងតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង នៅឆ្នាំ២០២៣


លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងខិតខំតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង នៅឆ្នាំ២០២៣ ខាងមុខនេះ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល» នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ យើងនឹងខិតខំធ្វើម្ដេចឲ្យមានការហោះហើរតភ្ជាប់ រវាងអាស៊ីខាងត្បូង (ប្រទេសឥណ្ឌា, ប្រទេសស្រីលង្កា, ប្រទេសបាគីស្ថាន) និងប្រទេសកម្ពុជា»

លោកថា កម្ពុជាក៏ជំរុញឲ្យមានការតភ្ជាប់ផ្លូវចាស់ ដែលបានន័យថា ក្រុមហ៊ុនដែលធ្លាប់ហោះហើរជាមួយកម្ពុជា និងតភ្ជាប់ផ្លូវថ្មីពីមជ្ឈិមបូព៌ា ព្រមទាំងបានតភ្ជាប់ជើងហោះហើរចាស់ៗ និងថ្មីឡើងវិញរវាងប្រទេសចិនផងដែរ។

លោកលើកឡើងថា បច្ចុប្បន្ននេះ គឺមានការរីកចម្រើនជាច្រើននូវផ្លូវហោះហើររវាងចិន និងកម្ពុជា ខណៈប៉ុន្មានខែមុខនេះ ការហោះហើររវាង ចិន-កម្ពុជា មានតែ៣ជើងមក និង៣ជើងទៅតែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះឃើញថា វិវត្ដឈានដល់១៥ជើងមក និង១៥ជើងទៅ ក្នុងមួយសប្ដាហ៍។

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ចំពោះតម្លៃសំបុត្រ ក៏មានការធ្លាក់ចុះជាបន្ដបន្ទាប់ផងដែរ ដោយសារតែមានការកើនឡើង នូវជើងហោះហើរ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងផងដែរថា ជំនាន់កូវីដ-១៩ តម្លៃសំបុត្រជាង១ម៉ឺនដុល្លារ នូវការហោះហើរទៅវិញទៅមក រវាងចិននិងកម្ពុជាបន្ទាប់មក ក៏មានការធ្លាក់ចុះ ទៅ៨០០០ដុល្លារ ទៅ៦០០០ដុល្លារ ហើយឥលូវនេះនៅសល់ត្រឹមចន្លោះពី៨០០ដុល្លារ ទៅ១០០០ដុល្លារប៉ុណ្ណោះ។

គូសបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២២ ចំនួនភ្ញៀវចិនដែលបានមកកម្ពុជា តាមផ្លូវអាកាសមានចំនួន ៤១,៤២១នាក់ កើនឡើង២៧.៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ តែបើធៀបរយៈពេល១ខែ រវាងខែកក្កដា និងខែសីហា កើនឡើង ២២.៣៧%។ ចំណែកជើងហោះហើរសព្វថ្ងៃនេះ ពីកម្ពុជាទៅចិន ចំនួន១៥ជើង និងពីចិនមកកម្ពុជា ចំនួន១៥ជើង ក្នុងមួយសប្តាហ៍។

ក្នុងរយៈពេល៨ខែនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ពីបណ្តាប្រទេសផ្សេងៗទៀតដូចជា៖

* ថៃ ចំនួនជិត២៤ម៉ឺននាក់ កើនឡើង៣២២.៥%
* វៀតណាម ចំនួនជិត២០ម៉ឺននាក់ កើនឡើង២៤២៤.៤%
* សហរដ្ឋអាមេរិក ចំនួនជាង៣ម៉ឺន៤ពាន់នាក់ កើនឡើង១៥៩៤%
* ឥណ្ឌូនេស៊ី ចំនួន២ម៉ឺន៧ពាន់នាក់ កើនឡើង ៦៦១.៤%
* កូរ៉េ ចំនួន២ម៉ឺន៣ពាន់នាក់ កើនឡើង ៩៦០.៦%
* ម៉ាឡេស៊ី ចំនួនជាង២ម៉ឺន២ពាន់នាក់ កើនឡើង២១៥៤.៣%
* បារាំង ចំនួនជាង២ម៉ឺន២ពាន់នាក់ កើនឡើង២៤៧០.៨%
* អង់គ្លេស ចំនួន១ម៉ឺន៥ពាន់នាក់ កើនឡើង៤២២២.៩%
* អូស្រ្តាលី ចំនួនជាង១ម៉ឺន៣ពាន់នាក់ កើនឡើង៤៥៨៩.៦%៕