ឯកឧត្តម ម៉ៅ ធនិន ការដោះស្រាយទំនាស់ដីធ្លី និងទំនាស់ខ្ចីប្រាក់ ចំនួន៥ករណីផ្សេងគ្នា


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បាននឹងកំពុងសម្របសម្រួល ធ្វើការដោះស្រាយទំនាស់ដីធ្លី និងទំនាស់ខ្ចីប្រាក់ ចំនួន៥ករណីផ្សេងគ្នា ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងស្រុកភ្នំក្រវាញ ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដោយ«គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។

កិច្ចដំណោះស្រាយទំនាស់ដីធ្លីជាលក្ខណៈគ្រួសារខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក សូ សាហុង អភិបាលនៃគណៈអភិបាលស្រុក លោកប្រធានភូមិបាលស្រុក មេឃុំ និងភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

ផ្អែកតាមយន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ធនិន បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ឲ្យបានគ្រប់ៗគ្នា ដែលការចាប់ផ្តើមចុះឈ្មោះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមឃុំសង្កាត់នីមួយៗ។

ប្រជាពលរដ្ឋដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តមអភិបាលខេត្ត ក្នុងចំណាត់ការដោះស្រាយ ទំនាស់ដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជារៀងរហូត៕