កម្ពុជា-ចិនកំណត់យកឆ្នាំ២០២៣ ជា «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងពីរ


កម្ពុជា-ចិន បានឯកភាពគ្នា កំណត់យក ឆ្នាំ២០២៣ ជា «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ហើយនឹងរួមគ្នាប្រារព្ធពិធីអបអរសាទរជាច្រើន ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្រោយជំនួបរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សេចក្ដីប្រកាសរួមបានឲ្យដឹងថា ដោយឆ្នាំ២០២២នេះ ជាព្រះរាជខួបប្រសូតទី១០០ ព្រះវស្សា របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយនៅឆ្នាំ២០២៣ ជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។

ភាគីទាំងពីរបានឯកភាពថា មិត្ដភាពជាប្រពៃណីកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្ដម សីហនុ និងលោកប្រធាន ម៉ៅ សេទុង នាយករដ្ឋមន្ត្រី ជូ អេនឡាយ និងថ្នាក់ដឹកនាំចិ នជំនាន់មុន គឺជារតនសម្បត្តិរួមរបស់ប្រជាជនទាំងពីរ។

នៅក្នុងយុគសម័យថ្មី ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនពីង ទំនាក់ទំនងកម្ពុជា-ចិន បាននិងបន្តរីកចម្រើនដល់កម្រិតថ្មី ដោយសម្រេចបានវឌ្ឍនភាពផ្លែផ្កា ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

ចំពោះមុខនឹងការប្រែប្រួលយ៉ាងខ្លាំងក្លា និងជំងឺរាតត្បាត ដែលមិនធ្លាប់ជួបពីមុនមក ក្នុងរយៈពេលមួយសតវត្សរ៍នេះ កម្ពុជា និងចិន បានរក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងធ្វើកិច្ចសម្របសម្រួលពហុភាគីយ៉ាងជិតស្និទ្ធ នាំមកនូវផលប្រយោជន៍ជាក់ស្ដែង សម្រាប់ប្រជាជនទាំងពីរ និងរួមចំណែកដល់សនិ្តភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។

លើសពីនោះទៀត ភាគីទាំងពីរបានឯកភាពថា នៅក្នុងយុគសម័យថ្មី ការពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គឺជាបំណងប្រាថ្នារួម និងស្របតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ព្រមទាំងមានលក្ខណៈអំណោយផលចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់៕