អភិបាលខណ្ឌមានជ័យ បើកការដ្ឋានជួសជុលផ្លូវបេតុង ប្រវែង១០០ម៉ែត្រ និងដាក់លូប្រវែង២០០ ស្ថិតនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២


(ភ្នំពេញ)៖ ផ្លូវបេតុងអាមេប្រវែង ១០០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដាក់លូរំដោះទឹក ២០០ម៉ែត្រ មុខកាត់ ១ម៉ែត្រ និងដាក់លូ ស្ថិតនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ត្រូវបានបើកការដ្ឋានជួសជុល និងសាងសង់ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ហែម ដារិទ្ឋ អភិបាលខណ្ឌមានជ័យ។

ថ្លែងក្នុងពិធីនេះ លោក ហែម ដារិទិ្ធ បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់នាពេលនេះ គឺបានបង្ហាញជាថ្មី នូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រាជធានីភ្នំពេញ ពី១ថ្ងៃទៅ១ថ្ងៃ និងកាន់តែផ្តល់នូវជំនឿ ជឿជាក់ទ្វេរឡើង របស់ប្រជាពលរដ្ឋនៅរាជធានី ទៅលើការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោកបន្តថា ផ្លូវនេះ គឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀត របស់រដ្ឋបាលខណ្ឌមានជ័យ ក្នុងចំណោមផ្លូវបេតុងជាច្រើនផ្សេងទៀត ដែលជាចំណងដៃផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌមានជ័យទាំងមូល។

លោកអភិបាលខណ្ឌមានជ័យ បានលើកឡើងថា ការសាងសង់ផ្លូវនេះ គឺក្នុងគោលបំណងដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផ្លូវនេះ ដោយបច្ចុប្បន្ន ចរាចរមានការកើនឡើងយ៉ាងគំហុស ព្រមទាំងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងលើកនូវសោភ័ណភាពផ្លូវមានភាពសមរម្យមផងដែរ។

លោកអភិបាលខណ្ឌ បានជំរុញឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការដេញថ្លៃបាន ត្រូវយកចិត្តទុកដាក់ធ្វើការជួសជុលផ្លូវចាក់បេតុង ត្រូវធានាបាននូវគុណភាពប្រើប្រាស់ តាមស្តង់ដា ពិសេសត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹកឲ្យបានត្រឹមត្រូវ។

លោកអភិបាល ក៏បានសំណូមពរ និងសុំការយោគយល់ អធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋមានលំនៅដ្ឋាន នៅតាមដងផ្លូវនេះ នៅពេលការស្ថាបនាផ្លូវ តែងមានការប៉ះពាល់ ម៉្យាងទៀតសូមអាជ្ញាធរ និងប្រជាជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវនេះ ឲ្យមានសោភ័ណភាព ប្រើប្រាស់បានយូរអង្វែង៕