សម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអាយប៉ា លើកទី៤៣ បានអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការចំនួន៦ និងប្រគល់ទង់សភាសង្កេតការណ៍ដល់សភាជាដៃគូចំនួន៣


(ភ្នំពេញ)៖ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលបានរៀបចំឡើងក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» បានបើកសម័យប្រជុំពេញអង្គលើកទី២ នៅថ្ងៃទី២៣ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានអនុម័តលើរបាយការណ៍នៃគណៈកម្មាធិការជំនាញរបស់អាយប៉ាចំនួន៦ និងបានប្រគល់ទង់កិត្តិយសជាសភាសង្កេតការណ៍ដល់សភានៃប្រទេសជាដៃគូចំនួន៣។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន លើកទី៤៣ បានអញ្ជើញដឹកនាំ សម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាត អាយប៉ាលើកទី៤៣នេះ ជាមួយនឹងវត្តមានចូលរួមរបស់គណៈប្រតិភូសភានៃប្រទេសសមាជិកអាស៊ាន ចំនួន៨ប្រទេស រួមមាន៖ សភាព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

នៅក្នុងសម័យប្រជុំនាពេលនេះ មានការធ្វើបទបង្ហាញពីរបាយការណ៍កិច្ចប្រជុំ ដោយគណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា គណៈកម្មាធិការនយោបាយអាយប៉ា គណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា គណៈកម្មាធិការសង្គមកិច្ចអាយប៉ា និងគណៈកម្មាធិការរៀបចំអាយប៉ា ដោយសម័យប្រជុំពេញអង្គលើកទី២នេះ បានធ្វើការអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការជំនាញទាំង៦នេះ ផងដែរ។

សេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការជំនាញអាយប៉ាទាំង៦ គឺ ត្រូវបានគណៈកម្មាធិការនីមួយៗ បានធ្វើការពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀងៗខ្លួន កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២២ កន្លងមក។

សម័យប្រជុំ ក៏បានរៀបចំពិធីប្រគល់ទង់កិត្តិយសជាសភាសង្កេតការណ៍របស់អាយប៉ា ជូនដល់សភានេប៉ាល់ សភាអាស៊ែបៃហ្សង់ និងសភាសហរដ្ឋអាមេរិក ដែលបានក្លាយជាសភាសង្កេតការណ៍របស់អាយប៉ា ចាប់តាំងពីមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣នេះតទៅ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអង្គប្រជុំ បានលើកឡើងពីសារសំខាន់ និងតួនាទីនៃស្ថាប័នសភា នៃរដ្ឋជាសមាជិកអាស៊ាន ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅរក្សាស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។

សម្តេចបានលើកឡើងទៀតថា មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ គឺជាការបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសភាក្នុងតំបន់ និងដៃគូសន្ទនា ដើម្បីឆ្លើយតប ឱ្យមានប្រសិទ្ធភាពខ្ពស់ លើបញ្ហាប្រឈមនានាក្នុងតំបន់ និងពិភពលោក៕