រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ អបអរសាទរជូនសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់


(សៀមរាប)៖ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ ដែលបានមកចូលរួមប្រជុំ នៅខេត្តសៀមរាប បានសម្ដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នា២០២២ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ការអបអរសាទរនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ ដឹកនាំដោយ ឯកឧត្តម ដាតុ ប៉ាឌុកា សឺរី ហាជី អាវ៉ាង ហាល់ប៊ី ប៊ីន ហាជី ម៉ូដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof) រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រីប្រ៊ុយណេដារ៉ូសាឡាម ចូលជួបសម្តែងការគួរសម អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម អ៊ាង សុផលឡែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តម យូសូហ្វ ជួសមុខឱ្យរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ បានគោរពសម្ដែង នូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តម យូសូហ្វ ក៏បានគោរពថ្លែងអំណរគុណសម្ដេចតេជោ ព្រះរាជាណាចក្រកម្ពុជា ដែលបានកំពុងរៀបចំ និងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ បានយ៉ាងល្អ ហើយកិច្ចប្រជុំអាស៊ានការពារជាតិ និងដៃគូនេះ ក៏កំពុងដំណើរការប្រកបដោយផ្លែផ្កា និងប្រកបទៅដោយស្មារតីមិត្តភាព ក្នុងទិសដៅពង្រឹងសន្តិភាព ស្ថិរភាពដោយឈរលើមជ្ឈភាពអាស៊ាន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ដល់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូទាំងអស់ ដែលបានមកកាន់ទីក្រុងសៀមរាប រួមគ្នាដោះស្រាយ បញ្ហាសន្តិសុខ ។

សម្ដេចបានថ្លែងអំណរគុណផងដែរ ដល់ថ្នាក់ដឹកនាំកំពូល និងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ ដែលបានគាំទ្រ ភាពជាប្រធានអាស៊ាន និងប្រធានកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស​ម្ដែងនូវការអបអរសាទរ ចំពោះជំនួបរវាង រដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ហើយក៏បានមានប្រសាសន៍ថា ទីក្រុងសៀមរាប ជាកន្លែងដ៏សក្ដិសមសម្រាប់ជំនួបនេះ៕