ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង៥០០នាក់


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង៥០០នាក់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ និងអជ្ញាធរពាក់ព័ន្ធជាច្រើនាក់ នៅក្រុមហ៊ុនញូស្តារ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះឯកឧត្តម អភិបាលខេត្ត មន្ត្រីសាលាខេត្ត ប្រធានក្រុមហ៊ុន ប្រធានផ្នែក ព្រមទាំងបងប្អូនពលករដែលកំពុងធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុទាំងអស់ ជាពិសេស ឯកឧត្តមបានអរគុណដល់នាយករោងចក្រ ដែលបានរៀបចំឱ្យមានកម្មវិធីនេះឡើង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏សូមពាំនាំមកនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែខ្វល់ខ្វាយដល់សុខទុក្ខរបស់បងប្អូនពលករ និងសូមជូនពរសព្វសាធុការពរជូនដល់បងប្អូនពលករទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះបងប្អូនកម្មករនិយោជិតនៃរោងចក្រញូស្តារដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយវិជ្ជាជីវៈ រក្សាសុខដុមរម្យនាក្នុងរោងចក្រ ដែលជាឆ្នាំបាយរួមរបស់បងប្អូនទាំងអស់គ្នា។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅ​​​ធ្វើឱ្យ​ប្រសើរ​ឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹង​ភាពសុខដុមរម​នា​នៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹង​ការបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្រប​តាមតម្រូវការ​ទីផ្សារ​ការងា​រ ដើម្បីចូលរួម​​ចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោ​យ​​ចីរភាព។ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ​ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ដោយរក្សាបានកំណើនថេរ​ជា​មធ្យ​ម​​​ប្រចាំឆ្នាំ៧% អត្រាភាពក្រីក្ររបស់ប្រជាជន​ត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រាអត់ការងារធ្វើ​ចំនួន​០,៧%​។ ប្រែក្លាយប្រទេសកម្ពុជា​​ពីប្រទេស​ដែលមានចំណូលកម្រិតទាប ទៅជាប្រ​ទេសមានចំណូល​មធ្យម​កម្រិត​​ទាប និង​កំពុង​ឈា​ន​​​​ទៅជាប្រ​ទេសមានចំណូល​មធ្យម​កម្រិត​​ខ្ពស់នៅឆ្នាំ២០៣០។
ការតម្លើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ចំនួន ១៥៣ ដុល្លា រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបានទទួលពី១៧០ ដុល្លា ទៅ១៨១ដុល្លា សម្រាប់ឆ្នាំ២០១៧។ តម្លៃអគ្គីសនី ទឹកស្អាតត្រូវបានបញ្ចុះ ហើយការឡើងថ្លៃជួលផ្ទះត្រូវបានគ្រប់គ្រងដោយច្បាប់។ ការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមដូចជារបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តនាពេលខាងមុខ ការលើកលែងការបង់ពន្ធលើប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ការតម្លើងប្រាក់បៀវត្សមន្រ្តីរាជការឱ្យបានយ៉ាងតិច ១ លានរៀល លើកលែងការបង់ពន្ធក្នុងការផ្ទេរទ្រព្យសម្បត្តិពីឪពុកម្តាយទៅកូន លើកលែងការបង់ថ្លៃប្រថាប់ត្រា ការធ្វើសំបុត្រកំណើត សំបុត្រមរណៈភាព អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងលិខិតបញ្ជាក់នានាដោយឥតបង់ថ្លៃ ការកាត់បន្ថយអត្រាប្រាក់កម្ចីនៅត្រឹម ១៨% និងការគិតគូរដល់ការផ្តល់សេវា និងភាពងាយស្រួលជូនប្រជាជនកាន់តែច្រើនថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់រោងចក្រ សូមខិតខំអនុវត្តតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេសរបបហានិភ័យការងារ និងរបបថែទាំសុខភាពឱ្យបាន១០០% ។ និយោជក និងកម្មករនិយោជិតត្រូវរក្សាឱ្យបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួម ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។